ឧកញ៉ា ទៀ វិចិត្រ បន្តជួយជីវិតស្ត្រីពីរនាក់ទៀត ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅលើកោះរ៉ុង..

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបន្តបញ្ជូនអូប័រពេទ្យល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (G.T.V.C) ឲ្យចេញទៅទទួលយកស្ត្រីរងគ្រោះចំនួន ០២នាក់ ​រស់នៅលើក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ បញ្ជូនយកមកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ។

សមត្ថកិច្ចមូលដ្ឋាន​ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវកែងរ៉ូយ៉ាលសេន ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ហើយត្រូវបានក្រុមការងារសង្គ្រោះ របស់ លោកឧកញ៉ា ទៀ វិចិត្រ បាន​បញ្ជូនស្ត្រីរងគ្រោះទាំង ០២នាក់ នាំ​មកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះព្យាបាល នៅមន្ទីរពេទ្យ។

​លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ស្ត្រីរងគ្រោះទាំង ២ នាក់ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្ករឡើងដោយខ្លួនឯង ។ ហើយ ក្រោយពេលរូបលោក ទទួលបានដំណឹងនេះភ្លាម ​ក៏បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន G.T.V.C ឲ្យទៅទទួលយកស្រ្តីរងគ្រោះទាំង២ នាក់ មកសង្គ្រោះ នៅមន្ទីរពេទ្យ ក្នុងក្រុងព្រះសីហនុ ជាបន្ទាន់ ។ ស្រ្តីរងគ្រោះមានឈ្មោះ ធី ណារី អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិក តាម៉ូ រីសត រងរបួសត្រង់ ផ្លៅជើងខាងឆ្វេង និង របួសមាត់ (ជាអ្នកបើកបរម៉ូតូ) និង​ ឈ្មោះ ញិប ស្រីមុំ អាយុ ៣១ ឆ្នាំ របួសស្រាល ថប់ណែនទ្រូង ( អ្នករួមដំណើរ )។ ស្ត្រីរងគ្រោះទាំង ០២ នាក់ ​​រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ស្ត្រីរងគ្រោះទាំង ០២នាក់ ត្រូវបានក្រុមការងារសង្គ្រោះ ​ក្រុមហ៊ុន ជី.ធី.វី.ស៊ី ដឹកបញ្ជូនតាមអូប័រពេទ្យ របស់ លោកឧកញ៉ា ទៀ វិចិត្រ នាំមកកាន់ផែនៅក្រុងព្រះសីហនុ រួចដឹកតាមរថយន្តសង្គ្រោះបន្ទាន់ របស់ក្រុមហ៊ុននេះផ្ទាល់ ដើម្បីយកទៅព្យាបាល នៅមន្ទីរពេទ្យ​ក្នុងក្រុងព្រះសីហនុ ដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង