សកម្មភាពចុះពិនិត្យមើលទីតាំងបង្ហូរទឹកកខ្វក់ចូលទៅក្នុងព្រែកទឹកសាប

ខេត្តព្រះសីហនុ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សុខ គាង បានដឹកនាំមន្ត្រីជំនាញរបស់ក្រសួង មន្ទីរ រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុក ខេត្ត និងអ្នកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ចុះពិនិត្យមើលទីតាំងបង្ហូរទឹកកខ្វក់ចូលទៅក្នុងព្រែកទឹកសាប ដែលបង្កឱ្យប៉ះពាល់បរិស្ថាន និងបង្កផលប៉ះពាល់បងប្អូនប្រជានេសាទ ក៏ដូចជាការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

សកម្មភាពនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា
នៅក្នុងការចុះត្រួតពិនិត្យជាក់ស្តែងរកឃើញថា រោងចក្រប្រមាណមួយរយជាងរោងចក្រ គឺបានភ្ជាប់បណ្តាញចម្រុះទឹកកខ្វក់រួចរាល់ហើយ ដោយឡែករោងចក្រមួយចំនួនតូច មិនទាន់បានភ្ជាប់បណ្តាញចម្រុះទឹកកខ្វក់នៅឡើយទេ ហើយក៏មានរោងចក្រខ្លះលួចបង្ហូរទឹកខ្វក់ដោយផ្ទាល់ចូលទៅក្នុងព្រែកទឹកសាប បង្កផលប៉ះពាល់បរិស្ថាន និងបំពុលនៅជីវៈចម្រុះដូចជាក្តាម ត្រី ជាដើម។

ផ្តើមពីបញ្ហានេះ លោក សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជម្រុញអោយរោងចក្រដែលមិនទាន់បានភ្ជាប់ត្រូវទៅភ្ជាប់បណ្តាញចម្រុះទឹកកខ្វក់ទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់របស់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមិនអនុញ្ញាតឱ្យមានការបង្ហូរដោយផ្ទាល់ចូលទៅក្នុងព្រែកទឹកសាបនោះទេ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។

ជាមួយគ្នានោះ លោកបានណែនាំឲ្យអគ្គនាយកតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ធ្វើការណែនាំបន្តទៅកាន់រោងចក្រសហគ្រាសទាំងអស់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស អោយមានអាងប្រព្រឹត្តិកម្មសម្រាប់រោងចក្រនីមួយៗ ដើម្បីចម្រុះមួយជំហានសិន ហើយចាំបន្តបង្ហូរទៅអាងប្រព្រឹត្តិកម្មធំរបស់តំបន់សេដ្ឋកិច្ចពិសេស វាកាត់បន្ថយនូវការបំពុលបានច្រើន។

ទន្ទឹមនឹងនោះ លោក សុខ គាង ក៏បានណែនាំឲ្យតំបន់សេដ្ឋកិច្ចពិសេសធ្វើការញែកប្រព័ន្ធទឹកភ្លៀង និងប្រព័ន្ធទឹកស្អុយ អោយដាច់ពីគ្នា ហើយត្រូវដាក់សំណាញ់ស្ទាក់សំរាមតាមលូ តាមប្រឡាយ បង្ហូរទឹកភ្លៀង ដើម្បីឲ្យទឹកដែលធ្លាក់ចូលទៅក្នុងព្រែកទឹកសាប មានតែទឹកភ្លៀង ដោយពុំមានសំរាមទៅជាមួយ។ ចំពោះកាកសំណល់រឹង និងសំរាម ត្រូវប្រមូលយកទៅចោលនៅទីលានចាក់សំរាមនៅអូរឧកញ៉ាហេង។

ជាងនេះទៅទៀត រោងចក្រណាដែលមិនបានអនុវត្តតាមវិធានការ នៅតែបំពានបន្តបង្ហូរទឹកកខ្វក់ចូលទៅក្នុងព្រែក គឺក្រសួង មន្ទីរ អាជ្ញាធរ នឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់ដោយមិនអនុញ្ញាតឲ្យរោងចក្រនោះ ដំណើរការប្រកបអាជីវកម្មបន្តទៅទៀត រហូតរង់ចាំរៀបចំប្រព័ន្ធបង្ហូរទឹកកខ្វក់បានត្រឹមត្រូវទើបឲ្យដំណើរការវិញ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង