ប្រជុំប្រកាសតំបន់វិនិច្ឆ័យ នៅភូមិ១, ភូមិ២, ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ (ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ) នៅភូមិ១, ភូមិ២, ភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ។

ពិធីនេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត អភិបាលរងក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

នាឱកាសនោះ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីនេះ ផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង គឺទាំងរដ្ឋផង និងប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ និងសុវត្ថិភាពដីធ្លី មានសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ដែលត្រូវបានផ្តល់ជូន
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ដែលជាភស្តុតាងបញ្ជាក់ នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងជៀសវាង នូវការរំលោភបំពានលើដីធ្លីពីសំណាក់ជនខិលខូច។ ប័ណ្ណកម្មសិទ្ធិនេះ ក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាកសិករយើង ដើម្បីយកទៅដាក់ធានា ឬហ៊ីប៉ូតែក ក្នុងការខ្ចីលុយពីមីក្រូហិរញ្ញវត្ថុ ឬធនាគារ យកមកប្រកប
របរធ្វើអាជីវកម្មផ្សេងៗ។ ចំពោះរដ្ឋ ការចុះបញ្ជីដីធ្លីនេះ ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំដីធ្លី ឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសំរួលដល់ការធ្វើផែនការប្រើប្រាស់ដីធ្លីបានសមស្រប ។

លោកប្រធានមន្ទីរបន្តថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមាន ៥ដំណាក់កាល៖ ១. ដំណាក់កាលត្រៀមរៀបចំ: ការកំណត់តំបន់ធ្វើវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល ការជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ថ្ងៃនេះជាដំណាក់កាលទី១ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ឋបានចាប់ដំណើរការហើយ។ ២. ដំណាក់កាលប្រតិបត្តិការបច្ចេកទេស: ការចុះកំណត់ព្រំ វាស់វែង និងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។ ៣. ដំណាក់កាលបិទផ្សាយជាសាធារណៈ នូវឯកសារវិនិច្ឆ័យ: ( ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ) រយៈពេល ១៥ ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដី និងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ ស្ថានភាព
គ្រួសារ និងក្បាលដី របស់ខ្លួន ព្រមទាំងធ្វើការតវ៉ា ក្នុងករណីមានការខុសឆ្គង។ ៤. ដំណាក់កាលសំរេចលើឯកសារវិនិច្ឆ័យ របាយការណ៍ពីលទ្ធផល នៃការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ របស់គណៈកម្មការរដ្ឋបាល ជូនអភិបាលខេត្ត/រាជធានី ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់សិទ្ធិ ចំពោះក្បាលដី ដែលមិនមាន ការជំទាស់ ឬមិនពាក់ព័ន្ធនឹងដីរដ្ឋ។ ៥.ដំណាក់កាលចេញប័ណ្ណ: រដ្ឋបាលសុរិយោដីនឹងរៀបចំចុះបញ្ជីដី ចេញប័ណ្ណ និងចែកប័ណ្ណជូនដល់ម្ចាស់ដី ។

ចំណែក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ភូមិ១ ភូមិ២ និងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចេញប័ណ្ណកម្មសិទ្ធិជូនដល់ប្រជាពលរដ្ឋ។ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ អនុវត្តតាមនីតិវិធី ដែលបានកំណត់ដោយច្បាប់ដូចជាអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីការអនុវត្តន៍នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលមាត្រា៦ មាត្រា៧ និងមាត្រា១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណែនាំលេខ០០១ ដនស/សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ ស្តីពីការអនុវត្តន៍នីតិវិធី នៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី ( ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ) ប្រកបដោយតម្លាភាព និងបច្ចេកវិជ្ជាទំនើប ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី ។

ជាមួយគ្នានោះ ការចុះបញ្ជីដីធ្លីនេះ ទាមទារឲ្យម្ចាស់ក្បាលដី ឬអ្នកកាន់កាប់ដី មកចូលរួមដោយផ្ទាល់ក្នុងការចង្អុលបង្ហាញព្រំប្រទល់ក្បាលដី របស់ខ្លួនដោយបានបោះបង្គោលព្រំដីជាមុន និងមានការព្រមព្រៀងគ្នាជាមួយអ្នកដែលមានព្រំប្រទល់ជាប់យកមកជាមួយ នូវឯកសារសំគាល់ខ្លួន និងឯកសារពាក់ព័ន្ធនឹងក្បាលដីចាំបាច់មួយចំនួនដូចជា៖ សំបុត្រកំណើត – សំបុត្របញ្ជាក់កំណើត – សំបុត្រអាពាហ៍ពិពាហ៍ – អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ – សៀវភៅគ្រួសារ – សៀវភៅស្នាក់នៅ – លិខិតផ្ទេរសិទ្ធិ – លិខិតលក់ផ្តាច់អំណោយផ្តាច់ – សាលក្រមតុលាការ – ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុ ដែលបានចេញជូនដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត កន្លងមក ពាក់ព័ន្ធទៅនឹង

ក្បាលដី របស់ខ្លួនមកបង្ហាញដល់មន្ត្រីជំនាញ ដើម្បីធ្វើការកត់ត្រាក្នុងការធ្វើអត្តសញ្ញាណក្បាលដី អត្តសញ្ញាណម្ចាស់ដី និងសិទ្ធិរបស់ម្ចាស់ដី ដែលមាននៅលើដីនោះ នៅលើរូបថតពីលើអាកាស និងនៅលើទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដី ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង