ផ្លូវលេខ១៤៦បេ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្ដេចសង្ឃ ទេព វង្ស ឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ នឹងស្ថាបនារួចរាល់ជាស្ថាពរ នៅខែមេសា
ខេត្តព្រះសីហនុ ៖ មន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវលេខ ១៤៦បេ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់រង្វង់មូលសម្ដេចសង្ឃ ទេព វង្ស ក្នុងស្រុកព្រៃនប់ ឆ្ពោះទៅកាន់ស្រុកស្ទឹងហាវ និងទៅភ្ជាប់ដល់កំពង់ផែក្រុងព្រះសីហនុ នឹងស្ថាបនារួចរាល់ជាស្ថាពរ នៅខែមេសាខាងមុខ ។
កាលពីថ្ងៃទី២៨ ខែមីនា ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យគុណភាពផ្លូវមួយខ្សែនេះ ដោយយកចិត្តទុកដាក់ ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ បានឲ្យដឹងថា ការស្ថាបនាផ្លូវ១៤៦បេ គឺមានគុណល្អត្រឹមត្រូវតាមបច្ចេកទេស ដែលនឹងប្រើប្រាស់យូរអង្វែង ពិសេសគឺការធ្វើចរាចរណ៍រថយន្តដឹកទំនិញធំៗចេញចូលកំពង់ផែ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ឬកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ ។
ផ្លូវលេខ១៤៦បេ សាងសង់ឡើងក្រោមកញ្ចប់ថវិកាសន្សំ របស់ជាតិ ផ្លូវនេះ មានប្រវែងសរុប ៤៣,០២ គីឡូម៉ែត្រ ក្នុងនោះប្រវែង ២១ គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) កម្រាស់ ៩ សង់ទីម៉ែត្រ, ចំណែកប្រវែង ២២គីឡូម៉ែត្រទៀត ជាប្រភេទផ្លូវបេតុង កម្រាស់ ២៦ សង់ទីម៉ែត្រ និងទទឹងផ្លូវសរុបជារួម ១២ ម៉ែត្រ៕