ក្រសួង​ការងារ អនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាក​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ឆ្នាំ​២០២២នេះ

រាជធានីភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង​ ជម្រាបជូនដល់ ​ម្ចាស់ ឬ​នាយក​រោងចក្រ និងសហគ្រាស ទាំងអស់​ ដែល​ស្ថិតក្នុង​ដែន​អនុវត្ត​ នៃ​ច្បាប់​ស្តីពី​ការងារ​ ឱ្យបាន​ជ្រាបថា យោងតាម​ច្បាប់​ស្តីពី​ការងារ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១ ស្តីពី​ការឈប់​បបុណ្យ ដែលមាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​២០២២ ។ ក្រសួងការងារ បានរំលឹកទៅកាន់ លោកលោកស្រី ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​អនុញ្ញាតឱ្យ​កម្មករនិយោជិត ទាំងអស់ ​របស់ខ្លួន ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​ នាឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ​ នាពេលខាងមុខនេះ ​រយៈពេល ០៣​ថ្ងៃ​ គឺ​ចាប់ពីថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២២​ ។​

ទន្ទឹមគ្នានេះ ក្រសួងការងារ ក៏បានបញ្ជាក់ថា ចំពោះ​ រោងចក្រ សហគ្រាស​ទាំងឡាយណា ដែល​កម្មវត្ថុ​អាជីវកម្ម​មាន​ចរិតលក្ខណៈ​សកល ត្រូវ​ប្រព្រឹត្តទៅជា​ប្រចាំ និង​មិនអាច​បញ្ឈប់​សកម្មភាព​បាន ហើយ​ការឈប់​សម្រាក​បុណ្យ​ នៃ​កម្មករនិយោជិត​ទាំងអស់​ព្រមគ្នា ក្នុងពេល​តែមួយ​ នាំឱ្យ​ខូចប្រយោជន៍​ដល់​សាធារណជន ឬក៏​ធ្វើឱ្យ​ខូច​ដំណើរការ​ របស់​រោងចក្រ សហគ្រាស នោះ ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស​ត្រូវ​រៀបចំ​បែងចែក​ឱ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅតាម​ថ្ងៃបុណ្យ នីមួយៗ ​ដោយ​ផ្លាស់​វេន​គ្នា​។

​ប៉ុន្តែចំពោះ កម្មករនិយោជិត​ ដែល​ធ្វើការ​ថ្ងៃ​ឈប់​បុណ្យ​ចូល​ខ្មែរ​ឆ្នាំនេះ គឺពួកគាត់ មាន​សិទ្ធិ​ទទួល​នូវ​ប្រាក់បំណាច់​បន្ថែម​ ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​។ ហេតុនេះ សូមម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ រៀបចំ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​គ្នា​ឈប់សម្រាក​តាម​កាលបរិច្ឆេទ​នីមួយៗ​ ខាងលើ និង​រក្សាទុកជា​ប្រចាំ​សម្រាប់​កការត្រួតពិនិត្យ របស់​អធិការ​ការងារ​ ។​

​ក្នុងករណី​មានការ​ព្រមព្រៀងគ្នា​រវាង​កម្មករនិយោជិត​សាមី និង​និយោជក ឬ​មានចែង​ក្នុង​បទបញ្ជាផ្ទៃក្នុង របស់​រោងចក្រ សហគ្រាស ឬ​អនុសញ្ញា​រួម ការឈប់​សម្រាក​របស់​កម្មករនិយោជិត​ អាចអនុវត្ត​នៅពេលណា មួយ​ផ្សេងទៀត ដែល​ខុសពី​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដូច​មានកំណត់​ក្នុង ​ប្រកា​សលេខ ២៧៧/២១ ខាងលើ​។

ឆ្លៀតក្នុងឱកាសនោះដែរ ក្រសួង​ការងារ ក៏បាន​ក្រើនរំលឹក​ដល់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​កម្មករនិយោជិត​ទាំងអស់​ ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ “៣ ការពារ​” និង “៣ កុំ​” របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​វិធានការ​សុខាភិបាល​ ចាំបាច់​ផ្សេងទៀត​ឱ្យបាន​ខ្ជាប់ខ្ជួន​ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឲ្យបានទាំងអស់គ្នា ។

ផ្តើមពីបញ្ហានេះ ក្រសួង​ការងារ ​សង្ឃឹម​ថា ម្ចាស់ ឬ​នាយក​រោងចក្រ សហ​ប្រុស និង​កម្មករនិយោជិត​ទាំងអស់​ នឹងចូលរួម​អនុវត្តតាម​ សេចក្តីជូនដំណឹង​ខាងលើនេះ​ ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​ ៕

 

អត្ថបទដែលជាប់ទាក់ទង