លោក កែ គឹមយ៉ាន ហួសចិត្តករណីឈ្មួញប្រើគោយន្ត ដឹកគ្រឿងញៀនបន្តកន្ទុយគ្នា ដូចដឹកជី

ខេត្តស្ទឹងត្រែង ៖ លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញការហួសចិត្តករណីជនល្មើសយកគោយន្តដឹកគ្រឿងញៀន បន្តកន្ទុយគ្នាដូចហែរបុណ្យកឋឹន ពីប្រទេសជិតខាងបម្រុងដឹកឆ្លងព្រំដែន ចូលមកកម្ពុជា ប៉ុន្តែត្រូវបានអាជ្ញាធរប្រទេសឡាវ ចុះបង្រ្កាបបាន ។  ខណៈគោយន្តទាំងនោះ ជាបន្តបន្ទាប់មក ធ្លាប់តែដឹកជីកសិកម្ម នៅតាមខេត្តជាប់ព្រំដែន ខេត្តស្ទឹងត្រែង របស់កម្ពុជា ។

លោក កែ គឹមយ៉ាន ថ្លែងដូច្នេះ ធ្វើឡើង នៅក្នុងឱកាសចូលរួម បើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង នៅសណ្ឋាគារសុខាភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមីនា ឆ្ន។

លោក កែ គឹមយ៉ាន បញ្ជាក់ថា “ប៉ុន្មានថ្ងៃមុន ខេត្តស្ទឹងត្រែង ឃើញមកពីឡាវ ដោយ​គោយន្តពីដើមគេយកដឹកតែជី តែឥឡូវយកដឹកគ្រឿងញៀនទាំងការ៉ុងៗ ហើយការដឹកនេះ គឺជាការដឹកដោយចំហរ… ប៉ុន្តែ​ត្រូវ​អាជ្ញាធរឡាវ ចាប់បានទាន់ពេលវេលា” ។

លោកបន្តថា គោយន្តដឹកគ្រឿងញៀន ដែលសមត្ថកិច្ចឡាវ ចាប់បានមាន ០៣ គ្រឿង ហើយផ្ទុកគ្រឿងញៀន ប្រហែលជាង ៦រយគីឡូក្រាម ដោយបម្រុងដឹកឆ្លងចូលមកទឹកដីខ្មែរ ប៉ុន្តែត្រូវបានអាជ្ញាធរឡាវ ចាប់បានដោយចៃដន្យ​ ខណៈសមត្ថកិច្ចទាំងនោះ ចុះទៅបង្រ្កាបរថយន្តគេចពន្ធ ។

ផ្តើមពីបញ្ហានេះ លោក កែ គឹមយ៉ាន បានបន្តក្រើនរំលឹកដល់សមត្ថកិច្ចនៅតាមរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា ជាពិសេសខេត្ត ជាប់ព្រំដែនជាមួយប្រទេសជិតខាង ត្រូវបង្កើនសកម្មភាពចុះបង្រ្កាបបទល្មើសគ្រឿងញៀនឲ្យបានច្រើនថែមទៀត ព្រោះគ្រឿងនេះ បានបង្កផលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ ។

ជាងនេះ លោក កែ គឹមយ៉ាន ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ គប្បីត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ចំពោះការនាំចូលសារធាតុគីមី ព្រោះសារធាតុគីមីខ្លះ ត្រូវបានឈ្មួញទុច្ចរិតលួចនាំមក ដើម្បីផ្សំផលិតគ្រឿងញៀន ។ ហើយថា ករណីនេះ ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចជំនាញ បង្រ្កាប់បាននៅខេត្តកំពង់ស្ពឺ កាលពីថ្មីៗកន្លងទៅនេះ ៕

អត្ថបទដែលជាប់ទាក់ទង