ដំរីស្រុកញី “ជីប៉ាល់” បានផ្តល់កំណើតកូនដំរីញីមួយក្បាល ក្រោយត្រូវដំរីព្រៃឈ្មោល គៀងចូលព្រៃអស់២សប្តាហ៍
ខេត្តមណ្ឌលគីរី ៖ មន្ត្រីអភិរក្ស បានឲ្យដឹងថា ដំរីញីឈ្មោះ ជីប៉ាល់ ដែលត្រូវបានដំរីព្រៃឈ្មោលមួយក្បាល គៀងចូលព្រៃអស់រយៈពេល ២សប្តាហ៍ មុននឹងត្រឡប់មកកាន់ទីតាំងអភិរក្សវិញ ក្នុងខេត្តមណ្ឌលគិរី បានផ្តល់កំណើតដល់កូនដំរីញីមួយក្បាល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។
មន្ត្រីអភិរក្ស មានការភ្ញាក់ផ្អើលព្រោះមិននឹកស្មានថា ដំរីញីជីប៉ាល់មានផ្ទៃពោះទេកន្លងមក ។ «ជីប៉ាល់» ជាដំរីស្រុកញីតែមួយគត់នៅខេត្តមណ្ឌលគិរី មានអាយុ ៣៥ ឆ្នាំ ទើបបង្កើតបានកូនញីមួយក្បាលឈ្មោះនាង «ជីពេជ្រ» ដែលជាកូនដំរីស្រុកកាត់ព្រៃមួយក្បាល ដែលទើបនឹងកើតលើទឹកដីខេត្តមណ្ឌលគិរី។ ចំពោះការដាក់ឈ្មោះ “ជីពពេជ្រ” ក៏ដោយសារតែកូនដំរីញីមួយក្បាលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ។
កញ្ញា Jemma Bullock ប្រធានអង្គការ ELIE ធ្វើការងារលើការអភិរក្សសត្វដំរី បានលើកឡើងថា រូបនាងពិតជាមានសេចក្តីរំភើបរីករាយបំផុត ព្រោះជាលើកទីមួយហើយ ដែលមានកូនដំរីស្រុកកាត់ព្រៃ នៅលើទឹកដី នៃខេត្តមណ្ឌលគិរី ។
កញ្ញាបញ្ជាក់ថា មូលហេតុដែលដាក់ឈ្មោះ «ជីពេជ្រ» គឺដោយសារកូនដំរីញីនេះ មានតម្លៃស្មើគ្រាប់ពេជ្រមួយគ្រាប់ ដែលបានចាប់កំណើតនៅខេត្តមណ្ឌលគិរី ។ កញ្កញ្ញបន្តទៀតថា អ្នកទាំងអស់គ្នាប្រហែលជាអាចចាំបានថា ២ឆ្នាំមុន មានដំរីព្រៃឈ្មោលមួយក្បាល បានចេញពីតំបន់ការពារនៃដែនជម្រកសត្វព្រៃកែវសីមា ហើយបានដើរឆ្លងកាត់ ព្រៃសហគមន៍ពូត្រំ រហូតបានមកដល់ទីតាំងអភិរក្សសត្វដំរី Elephant Valley Project របស់យើង បន្ទាប់មកបាននាំជីប៉ាល់ទៅក្នុងព្រៃជាមួយរយៈពេល ២សប្តាហ៍ ដែលជាលទ្ធផលធ្វើអោយនាង(ជីប៉ាល) មានផ្ទៃពោះដោយមិនបានព្រៀងទុក។
កញ្ញាបានបន្តថា ម្តាយនឹងកូនមានសុខភាពល្អបន្ទាប់ពីបានសម្រាលកូនបានបីថ្ងៃ ដែលជីប៉ាល់បានអស់កម្លាំងខ្លាំងបន្ទាប់ពីសម្រាលជីពេជ្រ។
កកញ្ញាបន្តថា មុនដំបូងយើងមានការព្រួយបារម្មណ៍ខ្លាំង ខ្លាចមេដំរីខឹង នឹងខ្លាចកូនដំរីហើយរត់ទៅឆ្ងាយ ប៉ុន្តែអ្វីដែលយើងគិតគឺខុសស្រឡះ ព្រោះដំរីញីជីប៉ាល់ បានបង្ហាញក្តីស្រឡាញ់ ការពារយកចិត្តទុកដាក់ចំពោះកូន បំបៅដោះកូន ធ្វើឱ្យកូនរឹងមាំនឹងសុខ ភាពល្អ។
បច្ចុប្បន្ន ជីពេជ្រ មានសុខភាពល្អ ក្រោមការមើលថែ របស់ក្រុមការងារអភិរក្សសត្វដំរី នឹងម្តាយរបស់នាងផងដែរ។
លោកកែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បាបានឲ្យដឹងថា កូនដំរីជីពេជ្រ គឺជាកូនដំរីព្រៃញី០១ក្បាល ដែលកើតចេញពីសេចក្តីស្នេហា រវាងដំរីព្រៃឈ្មោល និងដំរីស្រុកញីឈ្មោះ ជីប៉ាល់កាលពីអំឡុងថ្ងៃទី២២ មេសា ឆ្នាំ២០២០ និងបានត្រឡប់មកវិញ ២ សបា្តហ៍ក្រោយមក ។
ជីពេជ្រ នាងកើតនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដែលអាជ្ញាធរខេត្ត ក៏ដូចជាក្រុមការងារអភិរក្ស មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងបងប្អូនជនជាតិដើមភាគតិចពូនងនៅភូមិពូត្រុំ រង់ចាំអស់រយ:ពេល ២៣ខែ ៣ថ្ងៃ ដែលជីពេជ្រ បានប្រសូត្រចេញមកជាកូនដំរីញី ១ក្បាលដែលមានឪពុកជាដំរីព្រៃ និងម្តាយជាដំរីស្រុក ។
លោកបន្តថា ក្នុងនាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ជានិច្ចកាលតែងតែគាំទ្រទៅលើសកម្មភាពអភិរក្ស ធនធានធម្មជាតិ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចពូនងនៅក្នុងខេត្តមណ្ឌលគិរី។ តាមទំលាមទំលាប់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគិរីកាលណាដំរីស្រុកមានកូនគេត្រូវតែសែនព្រេនដោយកាប់ក្របី គោ ជ្រូកមាន់ទា ដើម្បីសុំសេចក្តីសុខ។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បាបានឲ្យដឹងដែរថា ជីពេជ្រ គឺជាកូន ដំរីស្រុកទី២ ដែលបានកើតក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ ។ ខណៈកាលពីខែធ្នូ ឆ្នាំ២០២១ កូនដំរីស្រុកមួយក្បាលឈ្មោះ “ណូអ៊ែលល” បានកើតនៅលើទឹកដីខេត្តរតនគិរី។
លោកថា នេះគឺជាដំណឹងដ៏គួរឱ្យរីករាយបំផុត។ លោលោក ភត្រា បន្តថា តាយរយៈរូបភាពពីម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីក្រុមអ្នកស្រាវ ជ្រាវបានថតបានពីក្នុងព្រៃធម្មជាតិ មានកូនដំរីតូចៗជាច្រើនត្រូវបានកត់សម្គាល់ ក្នុងហ្វូងដំរីធំៗក្នុងព្រៃ។
វត្តមាននៃកូនដំរីព្រៃ និងកូនដំរីក្នុងស្រុកគឺជាក្តីសង្ឃឹម នៃការអភិរក្សសត្វដំរីអាស៊ីនៅកម្ពុជា។ នៅកម្ពុជាមានដំរីអាស៊ីចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ ក្បាល៕ ប្រភព ៖ ក្រសួងបរិស្ថាន