តុលាការលើកលែងចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ពាក់ព័ន្ធសំណុំរឿងគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានតុលាការ សម្រេចលើកលែងការចោទប្រកាន់ពីបទ “សមគំនិតក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុផ្សំគ្រឿងញៀន” ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០០៧ នោះហើយ ។

អ្នកនាំពាក្យសាលាដំបូងរាធានីភ្នំពេញ លោក អ៊ី រិន មានប្រសាសន៍ថា លោក ញឹក ប៊ុនឆៃ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចលើកលែការចោទប្រកាន់ហើយ ដោយបញ្ជាក់ថា តុលាការ មិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកគាត់ទេ ។

ដីកាសម្រេចលើកលែងការចោទប្រកាន់ លោក ញឹក ប៊ុនឆៃ ខាងលើនេះ ចុះហត្ថលេខាដោយ លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ។

គួររំលឹកថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែសីហា ២០១៧ ជាប់ពាក់ព័ន្ធករណីផលិតគ្រឿងញៀន បានប្រព្រឹត្តនៅឆ្នាំ២០០៧ ស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ហើយក្រោយមក នៅយប់ទី៣០ ខែមេសា ឆ្នាំ២០១៨ លោក ញឹក ប៊ុនឆៃ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង