ភូមិមួយទៀតក្នុងស្រុកបន្ទាយស្រី ទទួលបានអំពូលសូឡា បំពាក់តាមផ្លូវមុខផ្ទះពលរដ្ឋ

ខេត្តសៀមរាប ៖ ភូមិមួយទៀតនៅក្នុងស្រុកបន្ទាយស្រី ត្រូវបានបំពាក់អំពូលសូឡា ភូមិមួយនោះ គឺជាភូមិរំចេក ។ ប៉ុន្មានថ្ងៃមុនភូមិមួយនេះ ទើបតែទទួលបានផ្លូវបេតុងមួយខ្សែ ហើយនៅថ្ងៃនេះ ពលរដ្ឋភូមិរំចេក ក៏បន្តទទួលបានអំពូលសូឡា នៅតាមមុខផ្ទះរៀងៗខ្លួនបន្ថែមទៀត ។

អំពូលសូឡាទាំងនោះមានចំនួន ២៤០គ្រឿង ដែលបានមកពីការកៀរគរ រៃអង្គាសថវិកាពីសប្បុរសជននានា និងការចូលរួមបដិភាគជាដងទម្រអំពូលពីសំណាក់បងប្អូនប្រជាពលរដ្ឋ ម្ចាស់ផ្ទះនីមួយៗ ដែលជាផ្នែកមួយ នៃយុទ្ធនាការ «ផ្ទះ១ អំពូល១» របស់រដ្ឋបាលស្រុកបន្ទាយស្រី ក្នុងបេសកកម្មលើកស្ទួយគុណភាពជីវិតនាពេលរាត្រី របស់បងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់សុវត្ថិភាពនៅក្នុងភូមិឃុំ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ ។

លោក ឃឹម ហ្វីណង់ ក្នុងនាមរដ្ឋបាលស្រុកបន្ទាយស្រី លោកសូមថ្លែងអំណរគុណ លោក ចាន់ សុខឃាំង អគ្គនាយកក្រុមហ៊ុនបាយ័នហេរីថេក និងក្រុមគ្រួសារ ដែលបានចូលរួមចំណែក ឧបត្ថម្ភជាថវិកាចំនួន ៨លានរៀល ជាមួយរដ្ឋបាលស្រុក នៅក្នុងយុទ្ធនាការលើកនេះ ។ ជាងនេះថែមទាំងបាន រៀបចំជាជំនួយចែកជូនប្រជាពលរដ្ឋ មកពីភូមិរំចេកចំនួន ៦០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានជីធម្មជាតិ ១កញ្ចប់ អាវយឺត១ និងថវិកា ២ម៉ឺនរៀលផងដែរ ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់តាមបណ្តាញសង្គមហ្វែសប៊ុកថា គិតមកដល់ពេលនេះ យុទ្ធនាការ”ផ្ទះ១អំពូល១” បានទៅដល់គ្រប់ឃុំទាំងអស់ នៅក្នុងស្រុកបន្ទាយស្រីរួចហើយ គ្រាន់តែឃុំខ្លះ បានគ្រប់ភូមិ ហើយឃុំខ្លះទៀត មិនទាន់បានគ្រប់ភូមិនៅឡើយ ដោយភូមិដែលស្ថិតនៅជាប់នឹងផ្លូវជាតិ ផ្លូវកៅស៊ូ ឬផ្លូវបេតុង ដែលមានចរាចរណ៍ឆ្លងកាត់ច្រើន ត្រូវបានផ្តល់អាទិភាពមុនគេ ៕

អត្ថបទដែលជាប់ទាក់ទង