ក្រសួងបរិស្ថានថា “អន្ទាក់សម្លាប់សត្វព្រៃ ដោយមិនរើសមុខ”

រាជធានីនំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថា កាលពីឆ្នាំ២០២១ កន្លងទៅនេះ អន្ទាក់ចំនួន ៦១.៦១១ អន្ទាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ដោះចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៧៦ នៅកម្ពុជា ដែលស្ថិតក្រោមការ គ្រប់គ្រង និងអភិរក្ស របស់ក្រសួងបរិស្ថាន ។

ក្រសួងបរិស្ថាន បញ្ជាក់ថា អន្ទាក់ជាឃាតកលាក់មុខ សម្លាប់សត្វព្រៃជារៀងរាល់ថ្ងៃ ។ ហើយប្រសិនបើ អន្ទាក់ទាំងនេះ មិនត្រូវបានដោះ និងបំផ្លាញចោលទេ  គឺជីវិតសត្វព្រៃជាច្រើនប្រភេទ នឹងត្រូវបានសម្លាប់ ដោយសារអន្ទាក់ព្រានព្រៃ ។

ក្រសួងបរិស្ថានដដែល បានអំពាវនាវថា លោកអ្នក អាចបញ្ឈប់ការដាក់អន្ទាក់ របស់ព្រានព្រៃបាន ដោយនិយាយថា “ទេ ចំពោះសាច់សត្វព្រៃ កុំបរិភោគសាច់សត្វព្រៃ និងកុំជួញដូរសាច់សត្វព្រៃ” ។ សត្វព្រៃទាំងនេះ មានតម្លៃតិចតួច ជាសាច់ តែវាពិតជាមានតម្លៃធំធេង សម្រាប់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី និងមានតម្លៃ សម្រាប់ការអភិរក្ស ព្រោះប្រភេទសត្វមួយចំនួន ដែលជាប់អន្ទាក់ព្រាន ជាប្រភេទសត្វកម្រជិតផុតពូជ នៅលើពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង