សមត្ថកិច្ច ឃាត់ខ្លួន​មន្រ្តីក្រសួងរ៉ែ ម្នាក់ ករណីលួចលុយពីក្នុងទូដែក ជាង​៥០ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ច បានឃាត់ខ្លួនស្ត្រីម្នាក់ ជាមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលបានលួចប្រាក់ពីទូដែកក្រសួងនេះ ជាង ៥០ម៉ឺនដុល្លារ ។ ការឃាត់ខ្លួននេះ ធ្វើឡើងដោយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

ស្ត្រីដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ជិន លក្ខិណា អាយុ​៣៥ឆ្នាំ ជាអនុប្រធានគ្រប់គ្រងចំណូលរ៉ែ និងថាមពល ។

តាមរបាយការណ៍​ របស់សមត្ថកិច្ច បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ ៣៧ឆ្នាំ ជាប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែ និងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន ០៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់ មានវិជ្ជមានវីរុសកូវីដ-១៩ ។

លុះមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យ បានផ្ញើសារទៅជនរងគ្រោះតាមទូរសព្ទថា សុំកូនសោរបន្ទប់យកមកឱ្យជាងធ្វើសោរទូដែក ជនរងគ្រោះ បានប្រាប់ឱ្យជនសង្ស័យទៅយកសោរពីប្រធានរដ្ឋបាល ។ ក្រោយទទួលបានកូនសោរហើយ ជនសង្ស័យ ក៏ចូលទៅឆ្កឹះ និងសែងទូដែកចេញ ប្តូរជំនួសវិញដោយទូដែកថ្មី ។ លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ខណៈចូលដល់ក្នុងបន្ទប់ ចាក់សោយកប្រាក់ ឱ្យថ្នាក់ដឹកនាំ ក៏ស្រាប់តែចាក់សោរពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរនាំ ។

តាមរយៈការឆែកមើល តាមកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យសែងទូដែកចេញក្រៅ ។ បន្ទាប់មកជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះ និងប្តូរទូដែក ។

របាយការណ៍ដដែល បញ្ជាក់ថា សម្ភារៈបាត់បង់ករណីលួចទូដែកខាងលើនេះ រួមមាន៖ ប្រាក់រៀលចំនួន ១,៤៣១,២៨៤, ៥៩៧.៨០រៀល (មួយពាន់បួនរយសាមសិបមួយលាន ម្ភៃប្រាំបីមុឺន បួនពាន់ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបរៀល) ប្រាក់ដុល្លារ១៦០,២៣៧,ដុល្លារ និង ៩២សេន (ដប់ប្រាំមួយមុឺនពីររយសាបសិបប្រាំពីរដុល្លារ និងកៅសិបពីរសេន) ។

ទោះជាបែបនេះក្តី គេហទំព័រ “កម្ពុជាថ្មីនេះ” នៅមិនទាន់អាចមានប្រភពទាក់ទង ឈ្មោះ ជិន លក្ខិណា ជាអនុប្រធានគ្រប់គ្រងចំណូលរ៉ែ និងថាមពល ដែលរងការចោទប្រកាន់ខាងលើបាន នៅឡើយទេ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង