មន្ទីរអប់រំខេត្តព្រះសីហនុ ធ្វើពិធីរំឭកគុណគ្រូបង្រៀន

ខេត្តព្រះសីហនុ ៖ លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន លោកស្រី ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីរំឭកគុណគ្រូបង្រៀន នៃសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ដោយមានការចូលរួមពី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូអ្នកគ្រូ លោកគ្រូអ្នកគ្រូចូលនិវត្តន៍ និងសិស្សានុសិស្សផងដែរ។

នាឱកាសនោះ លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងការគោរពនូវវីរភាព របស់លោកគ្រូអ្នកគ្រូ ដែលជានិច្ចកាល លោកបានលះបង់ទាំងកំលាំងកាយចិត្ត ទាំងពេលវេលា ទាំងចំណេះដឹងក្នុងការបង្ហាត់បង្រៀនដល់សិស្សានុសិស្សឲ្យក្លាយជាសិស្សល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី។ ហើយក្រៅពីឪពុកម្តាយ លោកគ្រូអ្នកគ្រូនេះហើយ ដែលជាមាតា បិតាទី២ របស់សិស្សានុសិស្សទាំងអស់គ្នា ដែលពួកគាត់បានផ្តល់ចំណេះដឹងជាច្រើនដល់សិស្សគ្រប់គ្នា ដើម្បីឲ្យសិស្សានុសិស្សទទួលបាននូវបទពិសោធន៍ល្អៗ មានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍខ្លួន ប្រកបដោយឧត្តមគតិ មានឆន្ទៈមោះមុត និងមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីបន្តវេនជាអ្នកដឹកនាំ និងជាសសរទ្រូង ដ៏រឹងមាំរបស់ប្រទេសជាតិ ។

ចំណែក លោកស្រី ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រារព្ធពិធីរំឭកគុណគ្រូបង្រៀន ក្នុងគោលបំណង ដើម្បីបំផុសឡើងវិញ នូវវប្បធម៌ និងប្រពៃណី នៃការរំឭកដឹងគុណដ៏ថ្លៃថ្លា របស់សិស្សានុសិស្សគ្រប់រូបចំពោះគ្រូបង្រៀន ដើម្បីរំឭកពីគុណបំណាច់ របស់គ្រូបង្រៀន ។

លោកស្រី បានបន្តថា ដោយមានផ្តួចផ្តើមពី លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ផ្តួចផ្តើម នូវអ្វីជាគុណប្រយោជន៍ គុណធម៌សម្រាប់សិស្សានុសិស្ស របស់យើងនូវកម្មវិធីផ្សេងៗ ក្នុងនោះលោកស្រីក៏បានកៀរគរ សាងសង់នូវបណ្ណាល័យ នៅតាមសាលារៀន និងតាមវត្តអារាម នេះជាលក្ខណៈសម្បត្តិ ដែលកើតចេញពីបេះដូងក្នុងការគិតគូរពីការកសាងធនធានមនុស្ស របស់កម្ពុជា ។

ជាមួយគ្នានោះ លោកស្រី ក៏បានផ្ដាំផ្ញើរទៅដល់សិស្សានុសិស្ស ទាំងអស់ ត្រូវតែខិតខំរៀនសូត្រឲ្យពូកែ និងត្រូវជៀសឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយខ្លួនទៅជាសិស្សល្អ កូនល្អ មិត្តល្អ និងពលរដ្ឋល្អ សម្រាប់ប្រទេសជាតិនាពេលអនាគត់ ជាពិសេសនោះ សិស្សានុសិស្សត្រូវមានក្រមសីលធម៌ ក្នុងការរស់នៅ និងស្តាប់ដំបូន្មាន របស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង