យោធាអ៊ុយក្រែនថា បានគ្រប់គ្រង និងបិទ “ប្រតិបត្តិការព័ត៌មានពិសេស” Bot របស់រុស្ស៉ី

អ៊ុយក្រែន ៖ កាលពីថ្ងៃព្រហស្បតិ៍ ក្នុងសប្តាហ៍នេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសនៅលើ Facebook ថាសេវាសន្តិសុខអ៊ុយក្រែន បានគ្រប់គ្រង និងបិទកសិដ្ឋាន bot របស់រុស្ស៊ី ឬ “ប្រតិបត្តិការព័ត៌មានពិសេស” ដែលមានបំណង “ធ្វើឱ្យរង្គោះរង្គើស្ថានភាពសីលធម៌ និងផ្លូវចិត្ត របស់កងកម្លាំងសន្តិសុខអ៊ុយក្រែន” ។

យោងតាមការបង្ហោះលើ Facebook របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានសរសេរសារថា “លទ្ធផល នៃព្រឹត្តិការណ៍ត្រូវបានកំណត់ទុកជាមុន! មានការប្រុងប្រយ័ត្ន និងបដិសេធមិនគាំទ្រជាតិនិយម និងមេដឹកនាំដ៏ថោកទាបរបស់ប្រទេស ដែលបានភៀសខ្លួនចេញពីរាជធានី..”។

រុស្ស៊ី​ ជា​ប្រទេស​មួយ​ក្នុង​ចំណោម​អ្នក​ឈ្លានពាន​តាម​អ៊ីនធឺណិត​ ដ៏​ទំនើប​បំផុត ​របស់​ពិភពលោក ។

នៅពេលដែលប្រទេសនេះ បានចូលវាយលុកអ៊ុយក្រែន ដោយកាំភ្លើងធំ និងកងកម្លាំងជើងគោក ហើយក៏មានធ្វើសង្គ្រាមតាមអ៊ីនធឺណិត ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែនផងដែរ។ នៅប៉ុន្មានម៉ោងមុនពេលរុស្ស៊ី វាយលុកអ៊ុយក្រែន ក្នុងខែកុម្ភៈ ក្រុមហ៊ុន Microsoft បានរកឃើញបំណែកមេរោគ ដែលមិនធ្លាប់មានពីមុនមក ដែលត្រូវបានរចនាឡើងដើម្បីលុបទិន្នន័យពីរដ្ឋាភិបាល និងធនាគារ របស់ប្រទេសអ៊ុយក្រែន ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចបិទកូដ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ នេះបើយោងតាម កាសែត New York Times បានរាយការណ៍ ៕

អត្ថបទដែលជាប់ទាក់ទង