រថយន្តស្ទូចចុះចំណោត ជ្រុលចង្កូតបុករះម៉ូតូ និងរថយន្ត បណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់

ខេត្តព្រះសីហនុ ៖ នគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយករណីបានកើតឡើង រវាងរថយន្តស្ទូចមួយគ្រឿងបុករះ ម៉ូតូ និងរថយន្តមួយគ្រឿងទៀត រួចបន្តបុកចូលផ្ទះប្រជាពលរដ្ឋ នៅចំណុចចំណោតកែងផ្លូវលេខ៨២៣ តាមបណ្តោយផ្លូវមិត្តភាព ស្ថិតក្នុងភូមិ០៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានបន្តថា មានរថយន្តស្ទូចមួយគ្រឿង ម៉ាកHIYANDAI ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1512 បើកបរចុះពីចំណោតឃ្លាំងលើ(តូតាល) ឆ្ពុះមកអូរ២ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ០១គ្រឿង ម៉ាកScoopy ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-7055 ជិះគ្នា២នាក់ (ស្លាប់ទាំង២នាក់) រួចបន្តទៅបុកប៉ះរថយន្ត ០១គ្រឿងទៀត ម៉ាកសើរដេស ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 2AS-6368 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ហើយរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យអ្នកបើកបររថយន្ត និងព្រូគៀបជាប់ក្នុងរថយន្តស្លាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះ បណ្តាលឲ្យមនុស្សសរុបចំនួន ០៤នាក់ស្លាប់ (ស្រី១) រួមមាន៖
១- ឈ្មោះ ឡូ ភេទប្រុស អ្នកបើកបររថយន្តស្ទួច។
២- ឈ្មោះ យុគ ភេទប្រុស ព្រូរថយន្តស្ទួច។
៣- ឈ្មោះ JEAN CHARLES ភេទប្រុស ត្រូវជាប្តី ជនជាតិកាណាដា អ្នកបើកបរម៉ូតូ SCOOPY។
៤- ពុំទាន់ស្គាល់ឈ្មោះ ភេទស្រី ត្រូវជាប្រពន្ធ ជាអ្នករួមដំណើរលើម៉ូតូSCOOPY។

បច្ចុប្បន្ន សមត្ថកិច្ច បានស្ទួចយករថយន្តយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ។ ចំណែកសាកសពជនរងគ្រោះទាំង ០៤នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅតម្កល់រក្សារទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំក្រុមគ្រួសារ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង