ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកសត្វសមុទ្រកម្រ ពីរក្បាលទៀត លែងឲ្យរស់នៅក្នុង សមុទ្រធម្មជាតិវិញ..

ខេត្តព្រះសីហនុ ៖ ក្នុងឳកាសអមដំណើរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងនាំយកម្ហូបអាហារ សម្ភារៈប្រើប្រាស់ និងថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងទព័ជើងទឹក ការពារតាមកោះជួរមុខក្នុងដែនសមុទ្រកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រទម្ងន់ធ្ងន់មួយក្បាល និងកូនសត្វក្រាស់មួយក្បាល ទៅលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ដែលជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រលើកទី១៣៣ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា គ្រប់ពេលដែលនាំយកទៅលែងម្តងៗ រូបលោកតែងមានកឹបសៀល តាមបច្ចេកទេស សម្រាប់សម្គាល់សត្វល្មិច ឬអណ្តើកសមុទ្រ ដែលត្រូវបានលែងក្នុងសមុទ្រឡើងវិញ គឺជាសញ្ញាសម្គាល់ក្នុងគោលការណ៍អភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ។ ហើយ សៀលដែលកឹបលើសត្វល្មិច ឬអណ្តើកសមុទ្រ និងកូនសត្វក្រាស់ពេលនេះគឺ KH0396 និង KH0397 ។

លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា សត្វល្មិច ឬអណ្តើកសមុទ្រ និងសត្វក្រាស់ ដែលរូបលោក ទទួលពីអ្នកនេសាទភាគច្រើន គឺមិនទាន់មានកឹបសៀលនោះទេ ទើបលោកឧកញ៉ា បានរៀបចំធ្វើការកឹបសៀលរាល់ពេលមុនព្រលែងចូលក្នុងសមុទ្រហើយការកឹបសៀលសម្គាល់បែបនេះមានសារៈសំខាន់ ក្នុងការអភិរក្សសត្វសមុទ្រកម្រជាអន្តរជាតិ ។  ព្រោះថា ប្រសិនបើមានការនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ ដែលឃើញមានកឹបសៀលសម្គាល់អ្នកនេសាទនៅក្នុងប្រទេសយើង ឬអ្នកនេសាទតាមបណ្តាប្រទេសនានា នឹងព្រលែងចូលក្នុងសមុទ្រវិញ ដោយមិនសម្លាប់ ឬលក់ដូរធ្វើអាជីវកម្មឡើយ ។

ជាបន្តបន្ទាប់មកនេះ ឃើញមានអ្នកនេសាទភាគច្រើន ពេលនេសាទបានសត្វល្មិច ឬអណ្តើកសមុទ្រ បាននាំយកមកប្រគល់ជូនលោកឧកញ៉ា ទៀ វិចិត្រ ដើម្បីលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញ ។ ព្រមជាមួយគ្នានោះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់ ស្មារតីសហការ របស់បងប្អូនអ្នកនេសាទ ដែលចូលរួមជួយការពារអភិរក្សសត្វសមុទ្រកម្រជាសកល ទាំងអស់គ្នា..៕

អត្ថបទដែលជាប់ទាក់ទង