សម្ដេច ហ៊ុន សែន ណែនាំប្រជាជនកម្ពុជា ចូលរួមគាំទ្រលើកកម្ពស់ ផលិតផលខ្មែរ

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ បានណែនាំប្រជាជនកម្ពុជា គ្រប់ៗរូប ឲ្យចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក «ប្រជាជនម្នាក់ ទិញផលិតផលខ្មែរ យ៉ាងតិចមួយមុខ» ។

តាមសារលិខិត របស់ សម្ដេចតេជោ ហ៊ុន សែន ស្តីពីការអបអរសារទទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធានបទ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ត្រូវបានផ្សព្វផ្សាយពេលថ្មីៗនេះ មានខ្លឹមសារថា គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ សូមឲ្យ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នា ឲ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយពីផលិតផលខ្មែរ ។

សម្ដេចតេជោ ហ៊ុន សែន ឲ្យដឹងដូច្នេះ រួចបន្ថែមថា «ប្រជាជនកម្ពុជាគ្រប់រូប ត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក ប្រជាជនម្នាក់ ទិញផលិតផលខ្មែរ យ៉ាងតិចមួយមុខ និងសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយ បណ្តាអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សហគមន៍ សមាគម បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្ម និងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួល របស់ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឲ្យបានជោគជ័យ នូវទិសដៅលើកកម្ពស់ផលិតផលខ្មែរ» ។

សម្ដេចតេជោ បន្ដថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយនឹងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឲ្យស្ថានតំណាងកម្ពុជា ប្រចាំនៅបរទេស ផ្សព្វផ្សាយផលិតផលខ្មែរ នៅក្នុងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិ មួយផលិតផលមួយនៅកម្ពុជា ទៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ក្រោមការសម្របសម្រួល របស់ អគ្គលេខាធិការដ្ឋានអាស៊ាន ។

បន្ថែមលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ រាជធានី-ខេត្ត ទាំងអស់ ត្រូវបន្តសហការជាមួយនឹង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងស្ថាប័ន ពាក់ព័ន្ធ រៀបចំចងក្រងផលិតផល ក្នុងស្រុកដែលមានសក្តានុពល នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជា ផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាព នៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិ ស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ២០១៦ -២០២៦៕

អត្ថបទដែលជាប់ទាក់ទង