លោក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូកងទ័ពវៀតណាម ចូលជួបសម្តែងការគួរសម

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ឡេ អាញ់ទន់ មេបញ្ជាការរងអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរចូលជួបសំណេះសំណាលសម្តែងការគួរសម និងជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។ ពិធីនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ

នៅក្នុងជំនួបនោះ មេបញ្ជាការរងអង្គទ័ពទី៤ បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងបានកោតសរសើរអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍប្រទេស រហូតមានការការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចពេលបច្ចុប្បន្ន ដែលធ្វើឱ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពសុខសាន្តសប្បាយរីករាយ ។

ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការចំណាយពេលវេលា ដ៏មានតម្លៃមកចូលរួមជូនពរឆ្នាំថ្មី នាឱកាសនេះ និងបានផ្តាំផ្ញើការសាកសួរសុខទុក្ខជូន លោកមេបញ្ជាការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាមផងដែរ ។

សូមបញ្ជាក់ថា ជានិច្ចជាកាល កងឯកភាពទាំងពីរ តែងបានយកចិត្តទុកដាក់លើកកម្ពស់ស្មារតីមិត្តភាព និងសាមគ្គីភាពទៅវិញទៅមក ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេស ប្រជាជន និងកងទ័ពកម្ពុជា-វៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង