សមត្ថកិច្ចខេត្តកណ្ដាល កោះហៅគ្រូតឿ និងបក្ខពួកមកវាស់កំពស់ និងធ្វើកិច្ចសន្យាបញ្ឈប់ ដេីរធ្វេីរឿងឆ្កួតលីលា

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បាន កោះហៅ គ្រូតឿ មកវាស់កំពស់ នៅប៉ុស្តិរដ្ឋបាលឃុំវិហារសួគ៌ ដើម្បីធ្វើការអប់រំ និង ធ្វើកិច្ចសន្យា បញ្ឈប់ ដេីរធ្វេីរឿងឆ្កួតលីលា ជាបន្តទៀត ។

សមត្ថកិច្ច បានកោះហៅក្រុមថតវីឌីអូបង្ហោះលើផេកហ្វេសប៊ុក គណនីឈ្មោះ គ្រូតឿ មកសាកសួរ នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២។

បក្ខពួកគ្រូតឿ មានគ្នាចំនួន ០៦នាក់ មានឈ្មោះទី១- ឈ្មោះ ជឹម សុភ័ក្រ ហៅ គ្រូតឿ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកសម្ដែង)។ ទី២- ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក)។ ទី៣- ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកដឹកនាំសម្ដែង)។ ទី៤- ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង)។ ទី៥- ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង)។ ទី៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( អ្នកសម្ដែង) ។

លោកវរសេនីយ៌ឯក ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ផេកហ្វេសប៊ុកឈ្មោះ Nika Nika បានផុសវីដេអូ សកម្មភាពស៊ីអាចម៌គោ ជាមួយអំបិលម្ទេស ដែលសកម្មភាពនេះ ថតដោយឈ្មោះ ថូយ រាជាធាន និងបានផុសជាសាធារណៈ ។

គួរបញ្ជាក់ថា ចាប់ពីឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះឈ្មោះ ថូយ រាជាធាន បានបង្កើតផេកហ្វេសប៊ុក រួមមាន៖ ឈ្មោះ អូន យ៉ា ឈ្មោះ នីកា ខេអេក ឈ្មោះ គ្រូតឿ ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ ឈ្មោះ Nika Nika
ឈ្មោះ Jelly Gamer ហើយបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេក ក្រុមហ៊ុន ហ្វេសប៊ុក ដោយឈ្មោះ ថូយ រាជាធាន បាននិពន្ធ និងថត ជាសាច់រឿងបានជាច្រើនរឿងមកហើយ។

ក្រោយមកបានថតរឿង គ្រូតឿ ចេះសិល្ប៍ គ្រូតឿ កាប់មិនមុត និង រឿងស៊ីអាចម៍គោ ចំពោះការ សម្តែងស៊ីអាចម៍គោ គឺពួកគាត់បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡាដែលដាក់ជាប់ និងអាចម៍គោនោះ ធ្វើជាសម្តែង ស៊ីអាចម៍គោពិតប្រាកដ ។

ចំពោះការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលមើលច្រើន ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុមហ៊ុនដាក់ប្រាក់មកឲ្យគឺតាមរយៈធនាគារ ABA , អេស៉ីលីដា និងតាមធនាគារហ្វៃស្បេន ។

រាល់ការសម្តែងទាំងអស់នេះគឺដើម្បីរកប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ពុំមានពាក់ព័ន្ធ នឹងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះដែរ ។

ក្រោយពីសួរនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើកិច្ចសន្យាអប់រំ អ្នកទាំង ០៦នាក់ ឲ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះ ក្នុងបណ្តាញសង្គមបន្តទៅទៀត ៕ ប្រភព ៖ AMS NEWS

អត្ថបទដែលជាប់ទាក់ទង