កាកបាទក្រហមខេត្តព្រះសីហនុ ចុះជួបសំណេះសំណាលក្រុមការងារស្ម័គ្រចិត្ត កាកបាទក្រហមចំនួន ៣៥៧នាក់

ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចុះជួបសំណេះសំណាល និងនាំយកជំនួយ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមចំនួន ៣៥៧នាក់ មកពីក្រុង-ស្រុកទាំង៥ ក្នុងខេត្តព្រះសីហនុ ។

ពិធីនេះបានរៀបចំឡើង កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅអនុវិទ្យាល័យសម្ដេចឪ ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា នាយកសាខា អនុសាខា មន្រ្តីសាខា និងអ្នកស្ម័គ្រចិត្តផងដែរ ។

នាឱកាលនោះ លោក គួច ចំរើន ដែលជាអភិបាលខេត្តព្រះសីហនុ ផងនោះ បាននាំយកប្រសាសន៍ផ្ដាំផ្ញើ នឹករលឹកសួរសុខទុក្ខ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមការងារស្ម័គ្រចិត្តកាកបាទក្រហមមកពីក្រុង-ស្រុកទាំង៥ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសេរីសួរស្តីជ័យមង្គលគ្រប់ក្រុមគ្រួសារ ។

លោកបន្ដថា ក្នុងនាមថ្នាក់ដឹកនាំកាកបាទក្រហម និងរដ្ឋបាលខេត្តព្រះសីហនុ សូមកោតសរសើរចំពោះអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា ខេត្ត ដែលបានរួមគ្នាធ្វើសកម្មភាព ទទួលបាននូវសមិទ្ធផល ហើយសកម្មភាព របស់អ្នកស្ម័គ្រចិត្តបានខិតខំប្រឹងប្រែង ពិសេសក្នុងដំណាក់កាល នៃការរាតត្បាតជម្ងឺកូវីដ-១៩ ។ លោកថា សាខាកាកបាទក្រហម ក៏ដូចជាអនុសាខាបានបំពេញការងារស្នូល ក្នុងការចុះចែកស្បៀងក្នុងតំបន់បិទខ្ទប់ នឹងចែកស្បៀងជូនដល់គ្រួសារក្រីក្រខ្វះខាតជីវភាពជាដើម ។

ជាមួយគ្នានោះ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ របស់អ្នកស្ម័គ្រចិត្តរយៈពេលកន្លងមក ទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ ។

ហើយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីយើងចូលរួមការពារសន្តិសុខ សុវត្ថិភាពតាមផែនការយុទ្ធសាស្ត្រគោលដៅអភិវឌ្ឍតំបន់ទេសចរណ៍ ហើយសមិទ្ធផល ដែលយើងបាននាពេលកន្លងមក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងទេសចរណ៍បរទេស ចូលមកលេងកម្សាន្តខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ធ្វើឱ្យកម្មវិធីកម្សាន្តកាន់តែមានភាពទាក់ទាញបន្ថែមទៀត ។ ដូច្នេះយើងត្រូវរួមគ្នាធ្វើឱ្យខេត្តយើង មានសន្តិសុខ សោភ័ណភាព និងបរិស្ថានល្អ។

ម្យ៉ាងទៀត ប្រជាពលរដ្ឋមានការយល់ដឹងច្រើន ក្នុងការទុកដាក់សំរាមក្នុងធុង ដើម្បីបង្កើតភាពស្អាត ទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រៅពីការងារមនុស្សធម៌ ក្រុមអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជា របស់យើងត្រូវចូលរួមការងារអនាម័យ បរិស្ថានប្រកបដោយសុវត្ថិភាពគាំទ្រដល់កំណើនសេដ្ឋកិច្ច ។

លោក គួច ចំរើន បញ្ជាក់បន្ថែមថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត នឹងមកចូលរួមអភិសេករូបសំណាក់ “ព្រះថោងនាងនាគ” នៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២២ខាងមុខ ហើយសមិទ្ធផលរូបសំណាកនេះ បង្ហាញនូវការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុ និងជាការបង្ហាញ នូវមោទនភាព របស់ខេត្ត មានភាពទាក់ទាញអ្នកទេសចរណ៍ និងបើកឱកាសអ្នកវិនិយោគជំរុញកំណើនសេដ្ឋកិច្ចសង្គមនាពេលខាងមុខ ហើយអ្នកដែលទទួលផល គឺប្រជាពលរដ្ឋខេត្តព្រះសីហនុ ។

ជំនួយដែលត្រូវផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ឃីតមួយកញ្ចប់(សារុង១ ក្រមា១ មុង១ ភួយ១) កន្ទេល ១, ម៉ាស ១កញ្ចប់, ជែល ១ដប និងថវិកា ១០ម៉ឺនរៀល៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង