ក្រសួងកំណត់ពេល៣ខែ ឲ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំពិនិត្យមើល គម្រោងសិក្សាផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងបាវិត របស់ក្រុមហ៊ុន China Railway International Group Co., Ltd ដោយរៀបចំឡើង នៅទីស្តីការក្រសួង ។

បានកាសនោះ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ពេល ៣ខែ ដើម្បីឲ្យក្រុមហ៊ុនចិន សិក្សាពិនិត្យ និងកែសម្រួលលទ្ធផល នៃការសិក្សា របស់ខ្លួនលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ។

កិច្ចប្រជុំលើនេះ ធ្វើឡើងកាលពីនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក សូរ វ៉ិចទ័រ និង តំណាងក្រុមហ៊ុនសិក្សា, តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេស របស់ក្រសួង ។

កិច្ចប្រជុំនេះ ផ្តោតជាសំខាន់លើការពិភាក្សាអំពីការកំណត់ពេលវេលាជាក់លាក់ឱ្យក្រុមហ៊ុនបញ្ចប់ របាយការណ៍សិក្សា របស់ខ្លួនប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវតាមបទដ្ឋាន និងមានគុណភាពដែលអាចទទួលយកមកពិនិត្យ និងវាយតម្លៃជារួមបាន ។

នៅក្នុងកិច្ចប្រជុំនោះ លោក រដ្ឋលេខាធិការ បានកំណត់ពេលវេលាចំនួន ៣ខែ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសិក្សាពិនិត្យ និងកែសម្រួលលទ្ធផលនៃការសិក្សា របស់ខ្លួន ឬសិក្សាបន្ថែម ដើម្បីផ្ដល់របាយការណ៍ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន និងបានជំរុញឱ្យក្រុមហ៊ុនធ្វើយ៉ាងណាបញ្ចប់ការសិក្សា របស់ខ្លួនឱ្យបានលឿន និងទាន់ពេលវេលាដែលបានកំណត់ ដើម្បីឈានទៅការចាប់ផ្ដើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងពេលវេលាឆាប់ៗ តាមអនុសាសន៍ណែនាំ របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង