លោក ទេព នីថា ៖ ដើម្បីឱ្យការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គឺ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ ត្រឹមត្រូវ

រាជធានីភ្នំពេញ ៖ ឯកឧត្ដម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការទទួលស្គាល់ពីភាគីពាក់ព័ន្ធ គ.ជ.ប បានកសាងប្រតិទិន និងផែនការមេ និងបានអនុវត្តសម្រេចការងារ តាមដំណាក់កាលជាពិសេសការអនុម័តបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ (ប.ន.ឃ.ស)  ដែលជាឯកសារគតិយុត្តដ៏សំខាន់មួយសម្រាប់ការអនុវត្តជាក់ស្តែង ។

លោក ទេព នីថា ឲ្យដឹងដូច្នេះ ធ្វើក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលរយៈពេល ០៣ថ្ងៃ សម្រាប់គ្រូបង្ហាត់ និងមន្រ្តី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ស្ដីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវបានបិទបញ្ចប់ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការគ.ជ.ប ៕

អត្ថបទដែលជាប់ទាក់ទង