សម្តេច ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវគោរពនូវច្បាប់ចរាចរណ៍ នាឱកាសបុណ្យចូលឆ្នាំថ្មី

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ក្នុងអឡុងពេល ធ្វើដំណើរកម្សាន្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចៀសវាងបើកបរជែងគ្នា និងចេះយោគយល់អធ្យាស្រ័យគ្នា..។

នៅក្នុងសារសំឡេងពិសេស នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ មានក្រោម ២០ករណី និងមិនមានករណីស្លាប់ថ្មី តាំងពីមុន និងពេលចូលឆ្នាំខ្មែរ ប៉ុន្តែសម្រាប់គ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើន ដែលធ្វើឱ្យមនុស្សស្លាប់ច្រើន ។ ដូច្នេះសម្តេច ស្នើឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើការការពារខ្លួន ។

សម្តេចតេជោ បញ្ជាក់ឲ្យដឹងដូច្នេះ រួចបន្តថា “គ្រោះថ្នាក់ចរាចរណ៍ គឺមានចំនួនច្រើនជាប្រចាំថ្ងៃ ដែលធ្វើឲ្យមនុស្សស្លាប់ មានចំនួនច្រើន ដូច្នេះហើយ ខ្ញុំសូមស្នើឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាពក្នុងការធ្វើដំណើរ។ ហើយខ្ញុំ ក៏សូមអំពាវនាវចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ជាមួយនឹងការសម្រួលចរាចរណ៍ ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ សម្រាប់ប្រជាពលរដ្ឋ នៅក្នុងការកម្សាន្តសប្បាយ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី២នេះ “។

ព្រមជាមួយគ្នានេះ សម្តេចប្រមុខដឹកនាំ ក៏បានអរគុណ ចំពោះប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះកិច្ចសហការ និងការធ្វើដំណើរ ក៏ដូចជាការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងការអនុវត្តវិធានការសុខាភិបាល ដែលការចូលរួមទាំងនេះ គឺជោគជ័យ នៃការកម្សាន្តចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល ម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨លើក នៅទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់ចំនួន ០៣នាក់ និងរងរបួសចំនួន ១៥នាក់ ដោយក្នុងនោះរងរបួសធ្ងន់ចំនួន ១២ នាក់ និងរបួសស្រាលចំនួន ០៣នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង