មន្ត្រីសុខាភិបាល រម្លឹកដល់ពលរដ្ឋ ត្រូវធ្វើតេស្តរហ័សជាបន្ទាន់ បើមានអាការៈឆ្លងជំងឺកូវីដ-១៩
រាជធានីភ្នំពេញ ៖ មន្រ្តីសុខាភិបាល បានរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវធ្វើតេស្តរហ័សជាបន្ទាន់ បើមានអាការៈឆ្លងជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំ ។
ក្រោយមន្ត្រីពិធីបុណ្យចូលឆ្នាំខ្មែរ បានបញ្ចប់ភ្លាមៗ មន្រ្តីជំនាញ នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវរួសរាន់ទៅធ្វើតេស្តរហ័ស ដើម្បីការពារការចម្លងជំងឺ ទៅកាន់ក្រុមគ្រួសារ និងអ្នកជុំវិញខ្លួន..។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងនៅថ្ងៃទី១៨ ខែមេសានេះថា គិតត្រឹមថ្ងៃនេះ ក្រសួង មិនទាន់អាចវាយតម្លៃពីស្ថានភាពជំងឺកូវីដ-១៩ ក្រោយពិធីបុណ្យចូលឆ្នាំថ្មីនោះទេ ដោយរង់ចាំពីរសប្តាហ៍ទៀត ។
លោកស្រីបន្តថា ការមិនទាន់វាយតម្លៃ នៅពេលនេះ គឺដោយសារប្រជាពលរដ្ឋ បើពួកគេឈឺតែមិនរាយការណ៍ ក៏មិនដឹង តែបើពួកគេធ្វើតេស្ត ទើបអាចដឹងបាន ។
ផ្តើមពីបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋ បើសង្ស័យឆ្លងជំងឺកូវីដ-១៩ ត្រូវធ្វើតេស្តរហ័សជាបន្ទាន់ ហើយរស់នៅដាច់ដោយឡែក ប្រយោជន៍ដើម្បីកុំឱ្យមានការចម្លងបន្តទៅក្រុមគ្រួសារ និងអ្នកដទៃ និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬក្រុមគ្រូពេទ្យ។
លោកស្រីបន្តថា បើពលរដ្ឋ មិនមានវិជ្ជមានមិនធ្ងន់ធ្ងរ ត្រូវថែទាំព្យាបាលខ្លួនឯងនៅផ្ទះឱ្យបានត្រឹមត្រូវ ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា អាចគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ បាន ដោយប្រើប្រាស់យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុពី ០៣ឆ្នាំឡើង ។
សម្រាប់ពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង ចាប់ពីដូសទី១ ដល់៤ អាចទៅចាក់បាន នៅទីតាំងសុខាភិបាលសាធារណៈ ឬទីតាំងដែលរៀបចំដោយ អាជ្ញាធរមូលដ្ឋាន។ នៅឆ្នាំ២០២២ កម្ពុជា មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនពលរដ្ឋអាយុ ចាប់ពី ០៣ឆ្នាំឡើង ៕