ករណីឃាតកម្ម រំលោភសម្លាប់ នៅខេត្តឧត្តមានជ័យ សមត្ថកិច្ច ឃាត់ជនសង្ស័យ៣នាក់..

ខេត្តឧត្តរមានជ័យ ៖ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ  បានចុះស្រាវជ្រាវស៊ើបអង្កេត និងបំបែកសំណុំរឿង ករណីឃាតកម្ម (រំលោភសម្លាប់) មួយករណីនៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានហើយ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១- ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ
ទី២- ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

បន្ទាប់ពីបានសាកសួរជនដៃដល់ទាំង ០២នាក់រួច ពួកគេបានសារភាពថា គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើសកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ ។ បន្ទាប់មករហូតដល់ម៉ោង ០២និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញ ក៏បានឃាត់ខ្លួនជនសង្ស័យថែមម្នាក់ទៀត មានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ឆ្នាំ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

បន្ទាប់មកទៀត ពេលកម្លាំងជំនាញធ្វើការសាកសួរជនសង្ស័យទាំង ០៣នាក់ ខាងលើអស់ហើយ ពួកគេ ក៏បានឆ្លើយសារភាពថា ពួកគេទាំង ០៣នាក់ ពិតជាបានធ្វើសកម្មភាពលបស្ទាក់ចាប់ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរ ខាងត្បូងភូមិពិតប្រាកដមែន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣និង០០នាទី នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាប់ស្ត្រីរងគ្រោះឈ្មោះ ឡុង គឹមឡាយ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកើតហេតុ បានរំលោភ និងវាយសម្លាប់ រួចបោះសាកសពចូលទៅក្នុងទឹកអូរខាងត្បូង ភូមិចំការចេក ។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ខាងលើ ត្រូវសមត្ថកិច្ច ឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តឧត្តមានជ័យ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង