គ.ជ.ប បង្ហាញរបៀបស្នើសុំឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត ឃុំ-សង្កាត់អាណត្តិទី៥

រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការធោការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសានេះ បានឲ្យដឹងថា នៅគ្រាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ជិតចូលមកដល់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ គ.ជ.ប បានព្យាយាមផ្សព្វផ្សាយព័ត៌មានអប់រំ ដល់ប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិបោះឆ្នោតបាន គឺត្រូវឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ)។ ហើយ ក្នុងករណីមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួន បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវប្រជាពលរដ្ឋ អាចស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ)។ 

គ.ជ.ប បានបន្តថា ចំពោះការស្នើសុំ និងការចេញ ឯ.អ នេះ ក្រសួងមហាផ្ទៃ និង គ.ជ.ប កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១  បានចេញសេចក្ដីណែនាំរួម លេខ ០៣៤ ស.ណ.ន ស្ដីពីនីតិវិធី នៃការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត ក្នុងគោលបំណងធានាសិទ្ធិ ក្នុងការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោត របស់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់មាន អ.ខ ឬ អ.ខ របស់ខ្លួន បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ។

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋអាចស្នើសុំ ឯ.អ ក្នុងរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង ៥:៣០ នាទីល្ងាច ។

គ.ជ.ប បញ្ជាក់បន្តថា អ្នកស្នើសុំ ឯ.អ ត្រូវបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) នៃឃុំ-សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បន្ទាប់មកអ្នកស្នើសុំ ត្រូវបំពេញពាក្យស្នើសុំ និងផ្ដិតស្នាមម្រាមដៃ នៅចំពោះមុខប្រធាន គឃ.សប។

ជាមួយគ្នានេះ អ្នកស្នើសុំ ត្រូវផ្ដល់ស្នាមម្រាមដៃតាមការណែនាំ របស់សមាជិក គឃ.សប និងថតរូប សម្រាប់ផ្ទៀងផ្ទាត់ និងទាញទិន្នន័យពីបញ្ជីបោះឆ្នោតផ្លូវការ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ។

បន្ទាប់ពីទទួលបានទម្រង់ ឯ.អ អ្នកស្នើសុំត្រូវទៅជួបមេឃុំ-ចៅសង្កាត់ ដើម្បីចុះហត្ថលេខា និងបោះត្រាផ្ដល់សុពលភាពសម្រាប់យកទៅប្រើប្រាស់បោះឆ្នោត ។

ដើម្បីប្រើប្រាស់សិទ្ធិ របស់ខ្លួនក្នុងថ្ងៃបោះឆ្នោត សូមប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយមិនទាន់មាន អ.ខ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ឱ្យបានទាន់តាមពេលកំណត់ ដើម្បីប្រើប្រាស់នៅថ្ងៃបោះឆ្នោត ៕

 

អត្ថបទដែលជាប់ទាក់ទង