ព្រឹកថ្ងៃសុក្រនេះ សម្តេច ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី៤ នៅប្រទេសជប៉ុន

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ។

កិច្ចប្រជុំកំពូលលើកទី៤ ស្តីពី «បញ្ហាទឹកក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» នឹងត្រូវធ្វើឡើង ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ» ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២២។​

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកទស្សនទាន ការប្រមើមើលទៅមុខ នៃដំណោះស្រាយ និងការអនុវត្ត ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលគាំទ្រដល់ការសម្រេចចិត្តជាគោលនយោបាយ ក្នុងការពន្លឿនសកម្មភាពឲ្យសម្រេចបាន នូវការលូតលាស់ប្រកបដោយគុណភាព ឆ្ពោះទៅកាន់សង្គមមួយ ដែលមានភាពធន់ ប្រកបដោយបរិយាប័ន្ន និងដោយចីរភាព ដោយដោះស្រាយ នូវរាល់បញ្ហា ដែលពាក់ព័ន្ធនឹងទឹក ក្រោយពេល ដែលស្ថានភាពជំងឺកូវីដ-១៩ បានប្រសើរឡើងវិញ ក្នុងតំបន់អាស៊ី-បាស៊ីហ្វិក។

កិច្ចប្រជុំដដែលនេះ ក៏មានគោលបំណងជំរុញកិច្ចសហការ និងភាពជាដៃគូបន្ថែមទៀត ដើម្បីប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ដើម្បីគាំទ្រការលូតលាស់ប្រកបដោយគុណភាព ៕

អត្ថបទដែលជាប់ទាក់ទង