ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ នឹងដាក់ឱ្យដំណើរការសាកល្បង នៅខែកក្កដា ឆ្នាំ២០២២ខាងមុខ

ខេត្តព្រះសីហនុ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ដែលមានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារបាន ៩០,៩៥% ហើយ គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ។ ហើយផ្លូវនេះ ត្រៀមនឹងបញ្ចប់ដាក់ឱ្យប្រើប្រាស់សាកល្បង នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលវេលាសមស្រប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ឲ្យដឹងដូច្នេះធ្វើឡើង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ក្នុងដំណើរទស្សនកិច្ចសិក្សា​ស្វែង​យល់ពី​ការងារ​សាងសង់ផ្លូវ​ល្បឿន​លឿនភ្នំពេញ- ព្រះសីហនុ​ របស់ក្រុមយុវជន​ក្រសួង​សាធារណការ និងដឹកជញ្ជូន និងនិស្សិត ​នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន​សរុបប្រមាណ ៣០០ នាក់ ។

ជាងនេះទៅទៀត ក្រោយពីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រុមហ៊ុនអនុញ្ញាតឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចំនួន ០១ខែ។ ក្រោយពីនេះ ក្រុមហ៊ុន និងគិតតម្លៃក្នុងរថយន្ត ០១គ្រឿង មានតម្លៃ ២៤ដុល្លារ គឺធ្វើដំណើរទាំងទៅ ទាំងមក ។

លោក ស៊ុន ចាន់ថុល បញ្ជាក់បន្ថែមថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដំណើរការ នៃការដ្ឋានសាងសង់ គឺគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និងគ្រោងដាក់ឱ្យដំណើរការសាកល្បង នៅក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខ។

ផ្លូវល្បឿនលឿននេះ តភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ផ្លូវនេះអនុវត្តការសាងសង់ ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធ នៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន ៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ០៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ០៣កន្លែង ចំណតរថយន្ត ០១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ០៤ កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន ៤០ កន្លែង ស្ពានតូចចំនួន ០៥កន្លែង ដែលឆ្លងកាត់ រាជធានីភ្នំពេញប្រមាណ ០៨ គីឡូម៉ែត្រ និងខេត្តចំនួន ០៤ បួន ក្នុងនោះ៖ ខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង