កម្មវិធី​ទិដ្ឋាការកសិកម្ម​អូស្ត្រាលី ឆ្នាំ២០២១ ​ ទំនងត្រូវលុបចោល បើបក្សប្រឆាំង Labor ឈ្នះឆ្នោត..

អូស្ត្រាលី ៖ កម្មវិធី​ទិដ្ឋាការកសិកម្ម​អូស្ត្រាលី ​ដែលបានផ្ដួចផ្ដើម​ឡើង​កាលពីឆ្នាំ២០២១​ ដោយរដ្ឋាភិបាលចម្រុះ​កាន់អំណាច ​នាគ្រាបច្ចុប្បន្ន ដែលមកទល់នឹងពេលនេះ មានតែ​ប្រទេស​វៀតណាម មួយគត់​នៅក្នុងសមាគមប្រជាជាតិ​អាស៊ី​អាគ្នេយ៍(អាស៊ាន) បានចុះ​ហត្ថលេខា​លើកិច្ចព្រមព្រមទ្វេភាគី​ ជាមួយ អូស្ត្រាលី​ តែនៅក្នុងកិច្ច​ព្រមព្រៀងនោះ​ គ្មាន​បញ្ជាក់​កំណត់ពី​ពេលវេលា ឬ​ចំនួន​កសិករ ឬកម្មករ​វៀតណាម ប៉ុន្មាននាក់​ ដែលនឹងមានភព្វ​វាសនា​មកធ្វើការ​នៅក្នុងប្រទេសអូស្ត្រាលីនេះឡើយ។ ការខ្វះព័ត៌មានលម្អិត​​នេះ​ជាសញ្ញាមួយបង្ហាញ​ថា​ ភាគីទាំងសងខាងហាក់ដូច​ជា​មិនទាន់ដឹង​ពីជំហាន ​ដែលត្រូវ​អនុវត្តជាបន្តបន្ទាប់នៅឡើយ ឬក៏អាចនិយាយបានថា គេកំពុងតែធ្វើការពិភាក្សាគ្នានៅឡើយ។ ដូច្នេះ មេឃ​ទើប​តែ​ផ្គរគ្រហឹម​ទេបងប្អូន តែភ្លៀង​មិនដឹងជាពេលណា​ធ្លាក់ទេ ចឹង​កុំប្រញាប់ចាក់ទឹកចោលឱ្យសោះ។
មន្ត្រី​ជាន់ខ្ពស់​ក្នុងគណបក្ស Labor បាននិយាយប្រាប់​អង្គភាព​សោតទស្សន៍អេប៊ីស៊ី​អូស្ត្រាលី (ABC) ថា​ រដ្ឋាភិបាល​ដឹកនាំដោយ​គណបក្ស Labor នឹងលប់ចោល​ នូវ​កម្មវិធី​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី​ចោល​​ បើខ្លួនឡើងកាន់​អំណាច​ក្រោយពេល​​បោះឆ្នោតជាតិ​នៅថ្ងៃទី២១ ឧសភា​នេះ។ យាងណាមិញ មន្ត្រី​ជាន់ខ្ពស់​នៃគណបក្ស​ Labor ដែលជាបក្ស​​​ប្រឆាំង ​ក៏បាន​បន្លឺឱ្យដឹង​ថា គេអាចនឹង​រក្សាទុក​កិច្ចព្រមព្រៀងជាមួយនឹង​ប្រទេសវៀតណាម។​​ ជាងនេះ​ទៅទៀត បក្សប្រឆាំង​បានឱ្យដឹថា បក្ស​ខ្លួន​នឹង​ពង្រីក​វិសាល​ភាព​ នៃកម្មវិធី​ផ្ដល់​ទិដ្ឋាការទៅប្រជាពលរដ្ឋនៅក្នុងប្រទេសដែនកោះ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក មានដូចជា​ហ្វីជី ប៉ាពូនូវ៉ែលហ្គីនី និងកោះ​សូឡូម៉ុងជាដើម ព្រោះ​កម្មវិធីនេះ​បានជួយ​ដោះស្រាយ​ជីវភាព​ពលរដ្ឋ​ក្រីក្រនៅទីនេះ​ជាច្រើនឆ្នាំមកហើយ ក៏ដូចជា​ជួយដោះស្រាយ​បញ្ហា​កង្វះ​កម្លាំងពលកម្ម​ក្នុងវិស័យ​កសិកម្ម ជលផល រុក្ខា​ប្រមាញ់​ ការចិញ្ចឹម​សត្វ​យកសាច់ជាដើម។ អ្វី​ដែលគួរឱ្យ​ចាប់អារម្មណ៍នោះ គឺសហព័ន្ធ​កសិករនៅរដ្ឋវិកថូរៀ ​បាននិយាយ​ថា​ គណបក្ស Labor មិនបានពិភាក្សាជាមួយ​នឹងម្ចាស់ចម្ការ​ និងក្រុម​ហ៊ុន​កសិកម្ម​សំខាន់​ៗក្នុងរឿងនេះឡើយ។ រីឯ​សហព័ន្ធ​កសិករជាតិ​វិញ ​ក៏បាននិយាយផងដែរថា​​ ផែនការទាត់ចោល​កម្មវិធី​ទិដ្ឋាការ​កសិកម្មនេះ​ អាចជាការមើលងាយ​ដល់​កសិករអូស្ត្រាលី​។ សូមជ្រាប​ថា គណបក្សចម្រុះ​ដែលដឹកនាំ​រដ្ឋាភិបាល​អូស្ត្រាលី​បច្ចុប្បន្ននេះ​ គឺ​​គណបក្ស Liberal ដែលជាបក្សនាំមុខ និងគណបក្ស Nationals។ គណបក្ស Nationals គឺជា​បក្ស​ដែលយកចិត្តទុកដាក់​​ដល់​ប្រជាជន​រស់នៅតាមទីជនបទ​ស្រុកស្រែ​ចម្ការ។
​តើការប្រកាស​​នូវផែនការគ្រវែងចោល​កម្មវិធីទិដ្ឋាការ​កសិកម្ម​សម្រាប់អាស៊ានដោយ​គណបក្សប្រឆាំងអូស្ត្រាលីនេះ អាច​ជាវិធានការ​ដណ្ដើម​​យកសន្លឹក​ឆ្នោត​នាខែ​ឧសភានេះ​ឬ​យ៉ាងណា? ដ្បិត​អូស្ត្រាលី​ក្ដៅចិត្តណាស់​នៅពេល​ដែលដឹងថា កោះសូឡូម៉ុង​ បានចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀង​សន្តិសុខជាមួយចិន​ នៅក្នុងខែមេសានេះ ដែលអាចអនុញ្ញាតឱ្យចិនសង់មូលដ្ឋានយោធានៅដែនកោះនេះ​ ហើយ​កោះសូឡូម៉ុង ​ក៏អាច​ស្នើសុំ​ជំនួយយោធា​ និង​ប៉ូលិស​ពីចិន​បានផងដែរ​ បើគេត្រូវការ។ កិច្ច​ព្រមព្រៀងសន្តិសុខ​រវាងចិន និងកោះសូឡូម៉ុងនេះ បានធ្វើឱ្យ​អូស្ត្រាលី នូវ៉ែលហ្សេឡង់ និង​សហរដ្ឋអាម៉េរិកញ័រសាច់​មិនស្ទើរទេ។ គួរបញ្ជាក់ផងដែរថា ចិន​និងអូស្ត្រាលី​មានទំនាស់ការទូត ហើយចិន​កំពុងតែ​ធ្វើបាប​ប្រទេសអូស្ត្រាលី​តាមផ្លូវ​ពាណិជ្ជកម្ម​ ក្នុងរវាង​ប៉ុន្មានឆ្នាំមកនេះ ដោយឈប់ទិញ​​ទំនិញអូស្ត្រាលី​​​ជាច្រើន​ មានដូចជា​រ៉ែ ដែក និងកសិផល​ផ្សេងៗ​រួមទាំង​សាច់​សត្វ​ផងដែរ ដោយខឹងនឹង​គោលជំហរ​អូស្ត្រាលី​ ដែលប្រឆាំង​នឹងចិន​ហើយគាំទ្រ​សហរដ្ឋអាម៉េរិក។ តែ​ចិន​ក៏ខាតបង់ដែរ​នៅពេល​ដែលខ្លួន​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយអូស្ត្រាលី​ ព្រោះ​ទំនិញអូស្ត្រាលី មានគុណភាព​ល្អ​ហើយ​តម្លៃ​ក៏សមគួរទៀត។
តាមមតិ​ របស់ខ្ញុំ ល្បែងនយោបាយ​តម្រូវ​ឱ្យកីឡាករប៉ិន​ប្រសប់​​ក្នុងការថ្លឹងថ្លែង​ផលខាត​និងផល​ចំណេញ​មិនថា​រយៈពេល​ខ្លី ឬ​វែងឆ្ងាយឡើយ​ ហើយ​ត្រូវធ្វើឱ្យចំពេល​វេលា ដោយត្រូវ​គិតគូរ​ដល់ទស្សនិកជន ឬអ្នក​ដែលគាំទ្រក្រុមកីឡានីមួយៗ ព្រោះ​បើគ្មាន​អ្នកគាំទ្រ ឬទស្សនិកជនទេ ល្បែងនោះ​ក៏គ្មានន័យដែរ​​។ គោលដៅ​សំខាន់​​សម្រាប់កីឡានេះ គឺផលប្រយោជន៍ជាតិ មិនមែនផលប្រយោជន៍បក្ស បុគ្គល​ឬបក្សពួក។ ការល្បីឈ្មោះ អាចកើតមានឡើង នៅពេល​​ដែលប្រទេសឈានទៅរកភាព​ជោគជ័យ​ទាំងព្រម សម្រាប់ប្រជាជនគ្រប់​ស្រទាប់វណ្ណៈ ដោយមានការ​បែកចែកធនធានក្នុងប្រទេស​ឱ្យបានប្រដុំប្រសងគ្នា មិនថា​ប្រជាពលរដ្ឋ​នៅជនបទ​ឬក្រុងឡើយ ដែលត្រូវ​មានការចេះដឹង​ហើយ​អាចរស់បានដោយថ្លៃថ្នូរ។

Click this link if you like to read more about this news: https://www.abc.net.au/news/2022-04-26/labor-government-would-ditch-ag-visa-if-elected-party-says/101015564

អត្ថបទដែលជាប់ទាក់ទង