ប៉េអឹមលើផ្ទៃប្រទេស ឃាត់ខ្លួនមន្ត្រីប៉េអឹមពីរនាក់ នៅខេត្តសៀមរាប

រាជធានីភ្នំពេញ ៖ មន្ត្រីកងរាជអាវុធហត្ថ ០២នាក់ នៅខេត្តសៀមរាប ត្រូវឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តបទល្មើស នៅក្នុងការបំពេញតួនាទីដោយផ្សំគំនិតជួញដូរគ្រឿងញៀន នឹងបានបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ។

លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា “ការប្រព្រឹត្តបទល្មើស របស់ នាយអាវុធហត្ថ ខេត្តសៀមរាប ០២នាក់ខាងលើនេះ គឺដោយពួកគាត់ បានបំពេញតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តែតាមការស្រាវជ្រាវ របស់គណៈកម្មការចំពោះកិច្ច របស់កងរាជអាវុធហត្ថបានរកឃើញថា គាត់ប្រព្រឹត្តបទល្មើស នៅក្នុងការបំពេញតួនាទីដោយគាត់ផ្សំគំនិតជាមួយនឹងការជួញដូរគ្រឿងញៀន ។

លោក សៅ សុខា បន្តថា ហេតុនេះ កម្លាំងកងរាជអាវុធហត្ថ ធ្វើការបង្ក្រាបតែម្តង ដោយមិនចាំបាច់ឲ្យអង្គភាពណាមកបង្ក្រាបទេ គឺអាវុធហត្ថ យកការទទួលខុសត្រូវដោយខ្លួនឯង គឺអនុវត្តនៅប្រសាសន៍សម្តេច គឺងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល ហើយ និងវះកាត់ ។ អភិក្រម របស់សម្តេចតេជោ ត្រូវយកមកអនុវត្ត”៕

អត្ថបទដែលជាប់ទាក់ទង