អាជ្ញាធរខេត្តឧត្តរមានជ័យ គ្រោងជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទនិងខេត្តស៊ីសាកេត ដើម្បីបើកច្រកទ្វារព្រំដែនអូរស្មាច់ និងច្រកជាំសាង៉ាំឡើងវិញ

ខេត្តឧត្តរមានជ័យ ៖ ប្រភពពត៌មានពីមន្ត្រីខេត្តឧត្តរមានជ័យ បានឱ្យដឹងថាអាជ្ញាធរខេត្តនេះ កំពុងជំរុញឱ្យមានការបើកច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០២ច្រក ជាមួយប្រទេសថៃឡើងវិញ ក្នុងពេលឆាប់ៗនេះ ។

អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល បានឱ្យដឹងកាលពីរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ថា រូបលោកនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ទៅជួបប្រជុំជាមួយ អាជ្ញាធរថៃ នៃខេត្តសុរិន្ទ នៅវេលារសៀលថ្ងៃទី៥ ខែឧសភាឆ្នាំ២០២២នេះ ដើម្បីជជែកគ្នាពីបញ្ហាអនុស្សារណៈ នៃការយោគយល់គ្នា រវាងអាជ្ញាធរខេត្តឧត្តរមានជ័យ និងអាជ្ញាធរថៃ នៃខេត្តសុរិន្ទ ដើម្បីឈានទៅរកការបើកច្រកព្រំដែនអន្តរជាតិ អូរស្មាច់ សម្រាប់ឱ្យពលរដ្ឋទាំងសងខាង បានចេញចូលឡើងវិញ នៅពេលឆាប់ៗ ។

លោក ប៉ែន កុសល បន្តថា បន្ទាប់ពីជួបពិភាក្សាជាមួយអាជ្ញាធរថៃ ខេត្តសុរិន្ទ នៅរសៀលថ្ងៃទី៥ ខែឧសភា នេះរួច គឺនៅថ្ងៃទី៩ ខែឧសភា រូបលោក ក៏គ្រោងនឹងដឹកនាំក្រុមការងារថ្នាក់ខេត្ត ដើម្បីជួបជជែកជាមួយ អាជ្ញាធរថៃ នៃខេត្តស៊ីសាកេត ដើម្បីពិភាក្សាគ្នាឈានទៅរកការបើកច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃ ជាំសាង៉ាំ ក្នុងស្រុកអន្លង់វែងផង
ដែរ ។

អាជ្ញាធរខេត្តឧត្តរមានជ័យ បញ្ជាក់ថា ការគ្រោងជួបជជែកជាមួយ អាជ្ញាធរថៃ ខេត្តសុរិន្ទនិងខេត្តស៊ីសាកេតនេះ គឺដើម្បីចង់ដឹងថាតើភាគីថៃ មានលក្ខណ្ឌអ្វីខ្លះ ចំពោះប្រជាពលរដ្ឋដែលចេញចូលរកគ្នាទៅមក? ដូចជា តម្រូវឱ្យពលរដ្ឋ ដែលមានកាតចាក់វ៉ាក់សាំង ឬក៏តម្រូវឱ្យប្រជាពលរដ្ឋបង់ប្រាក់ធានាផ្សេងៗ ឬយ៉ាងណាជាដើម។ល។

សូមបញ្ជាក់ថា នៅខេត្តឧត្តរមានជ័យ របស់ខ្មែរ បច្ចុប្បន្ន មានច្រកព្រំដែនអន្តរជាតិចំនួន ០២ និងច្រករបៀងព្រំដែនចំនួន ០១ ជាប់ជាមួយប្រទេសថៃ ដូចជាច្រកព្រំដែនអន្តរជាតិអូរស្មាច់ ជាប់ ជាមួយខេត្តសុរិន្ទ ច្រកព្រំដែនអន្តរជាតិជាំសាង៉ាំ ជាប់ខេត្តស៊ីសាកេត និងច្រករបៀងព្រំដែនខ្មែរ-ថៃ ជប់គគីរ ជាប់ព្រំដែនខេត្តបូរីរ៉ាំប្រទេសថៃ ៕

អត្ថបទដែលជាប់ទាក់ទង