លោក លី វ៉ាន់ហុង ដឹកនាំប្រតិភូក្រសួងព័ត៌មានកម្ពុជា ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ វៀតណាម

វៀតណាម : ព្រឹកថ្ងៃចន្ទ ទី០៩ ខែឧសភា ឆ្នាំ២០២២នេះ ប្រតិភូក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន ​នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ លោក PHAM ANH TUAN (ហ្វាម អាញ់ទន់) អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន​ និងទូរគមនាគម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

នាឱកាសនោះ លោក លី វ៉ាន់ហុង បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មានវៀតណាម ដែលបានរៀបចំដំណើរទស្សនកិច្ចជូនគណៈប្រតិភូ ក្រសួងព័ត៌មានកម្ពុជា និងផ្ដល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ ដើម្បីចូលរួមដកស្រង់បទពិសោធន៍ អំពីការរៀបចំព្រឹត្តិការណ៍ SEAGAMES និង PARAGAMES របស់ប្រទេសវៀតណាម ដែលនឹងចាប់ផ្ដើមជាផ្លូវការ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងជំនួបនោះ លោក លី វ៉ាន់ហុង ប្រធានគណៈប្រតិភូក្រសួងព័ត៌មានកម្ពុជា បានជម្រាបជូន នូវការផ្ដាំផ្ញើរសាកសួរសុខទុក្ខ របស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ជូន លោក NGUYEN MANH HUNG (ង្វៀន ម៉ាច់ហ៊ុង) រដ្ឋមន្រ្តីក្រសួងព័ត៌មានវៀតណាម ផងដែរ ។

បន្ថែមលើនេះ លោក លី វ៉ាន់ហុង ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាម ដែលក្នុងរយៈកាលកន្លងទៅ បានជួយរៀបចំ វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីវ័យក្មេង ក្រសួងព័ត៌មាន ក៏ដូចជាអ្នកកាសែតកម្ពុជា បានជាច្រើនរូប។

លោកបន្តថា ទោះបីជាសកម្មភាពកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ត្រូវបានអាក់ខានដោយសារការរីករាលដាល នៃជំងឺកូវីដ-១៩ ជាសកលបែបណាក្តី ប៉ុន្តែភាគីទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈស្ដីពី ផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២១-២០២៥ ហើយក៏សង្ឃឹមថា ក្រោយពីប្រទេសទាំងពីរ ចាប់ផ្ដើមបើកដំណើរការឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ នោះ ក្រសួងព័ត៌មានទាំងពីរប្រទេស នឹងបន្តឡើងវិញ នូវសកម្មភាព និងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្ដូរគណៈប្រតិភូ និងបើកវគ្គបណ្ដុះបណ្ដាលនានា ពិសេសគឺការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ។

ជាងនេះទៀត ប្រធានគណៈប្រតិភូព័ត៌មានកម្ពុជា បានស្នើដល់ភាគីវៀតណាម ឱ្យជួយចែករំលែកបទពិសោធជុំវិញការរៀបចំព្រឹត្តិការណ៍ SEAGAMES ដែលវៀតណាម បានធ្វើជាម្ចាស់ផ្ទះចំនួន ០២លើករាប់ទាំងឆ្នាំ២០២២នេះ ដោយសារនៅឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEAGAMES លើកទី៣២ ។

ជាការឆ្លើយតប លោក PHAM ANH TUAN អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមវៀតណាម ក៏បានឯកភាពទាំងស្រុង ចំពោះសំណូមពរ របស់ភាគីកម្ពុជា ជុំវិញការងារផ្លាស់ប្ដូរគណៈប្រតិភូ និងការងារបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជូនមន្រ្តីព័ត៌មានកម្ពុជា ។

ដោយឡែក ពាក់ព័ន្ធនឹងបទពិសោធន៍ការងាររៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍ SEAGAMES ភាគីវៀតណាម ក៏បានសន្យាជួយចែករំលែកបទពិសោធន៍ ដែលធ្លាប់មានកន្លងមកទាំងផ្នែកបច្ចេកទេស និងធនធានមនុស្ស ជាមួយកម្ពុជា សម្រាប់ត្រៀមខ្លួន ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ SEAGAMES នាឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុងនោះដែរ អនុរដ្ឋមន្រ្តីព័ត៌មានវៀតណាម ក៏បានសន្យា នឹងពិនិត្យលទ្ធភាពក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ ឌីជីថលភាវូបនីយកម្ម ក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយជូន មន្រ្តីក្រសួងព័ត៌មាន ថែមទៀត ។ លោកបន្តថា ដោយសារបច្ចុប្បន្នប្រទេសវៀតណាម ក៏កំពុងធ្វើការបណ្ដុះបណ្ដាលមន្រ្តីឌីជីថលប្រមាណពី ៣០០០ ទៅ ៥០០០ នាក់ ព្រោះថា ការផ្លាស់ប្ដូរប្រព័ន្ធទៅជាឌីជីថល ទៅបានដោយជោគជ័យ គឺអាស្រ័យទៅលើកត្តាធនធានមនុស្សជាចំបង ។

នៅចុងបញ្ចប់ នៃជំនួបពិភាក្សាការងារ ថ្នាក់ដឹកនាំនៃក្រសួងព័ត៌មានទាំងពីរ បានឯកភាព និងបង្ហាញ នូវគោលជំហរស្របគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន ពិសេសគឺ នឹងរៀបចំរបាយការណ៍ជូនរដ្ឋមន្រ្តីព័ត៌មាន ៕

អត្ថបទ​និងរូបភាព៖ ជ្រីម ឆេងលីម

អត្ថបទដែលជាប់ទាក់ទង