វត្តទេពប្រណម្យ នៃអតីតរាជធានីអង្គរធំ ប្រារព្ធពិធីពិសាខបូជា និងកោរសក់ បួងសក់បំបួសកុលបុត្រកុលធីតា ១០២រូប

ខេត្តសៀមរាប ៖ នៅវត្តទេពប្រណម្យ ស្ថិតក្នុងបរិវេណ នៃក្រុងអង្គរធំ ខេត្តសៀមរាប បានប្រារព្ធធ្វើពិធីបុណ្យពិសាខបូជាដោយកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន១០២រូប នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងបំណងជួយអប់រំសីលធម៌ ចរិយាធម៌ និងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដល់យុវជនខ្មែរទាំងឡាយណា ដែលចង់ស្វែងយល់អំពីព្រះធម៌ ក្នុងព្រះពុទ្ធសាសនានិងអប់រំផ្លូវចិត្ត ។

ពិធីកោរសក់ បួងសក់ បំបួសកុលបុត្រ កុលធីតាចំនួន ១០២ រូបនេះ ស្ថិតក្រោមព្រះអធិបតីភាព ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគុណខេត្តសៀមរាប លោកជំទាវ យូ សុភា អភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប និងលោក ភ័ន ផល្លា តំណាងឯកឧត្ដម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងពុទ្ធបរិស័ទមកពីច្រើនមជ្ឈដ្ឋាន ។

ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ជាព្រះអនុគណក្រុងសៀមរាប មានព្រះថេរៈដិការថា ការរៀបចំពិធី បំបួសកុលបុត្រ កុលធីតា ចំនួន១០២រូបនេះ ក្នុងគោលបំណង ដើម្បីឱ្យយុវជនយុវតីខ្មែរមានឱកាសបានចូលសាងផ្នួសតបស្នងសងគុណចំពោះ អ្នកមានគុណទាំងឡាយមាន មាតាបិតា ព្រមទាំងព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ នៃប្រទេសជាដើម។ លើសពីនេះគឺដើម្បីឱ្យកុលបុត្រ កុលធីតាខ្មែរចេះភ្ញាក់រលឹក និងលះបង់អ្វីៗ ដែលកំពុងប្រព្រឹត្តខុសពីគន្លងព្រះធម៌នៃព្រះពុទ្ធបរមគ្រូ ហើយចេះទទួលយកការអប់រំ ណែនាំពីមាតាបិតា គ្រូអាចារ្យ ដើម្បីឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អនិងជាពុទ្ធសាសនិកល្អរបស់ព្រះពុទ្ធសាសនាផងដែរ ។

«ពិធីកោសក់ បួងសក់កុលបុត្រ កុលធីតាពេលនេះ គឺប្រពៃណីទំនៀមទម្លាប់ របស់បុព្វបុរស ដែលបានមន្សល់ទុកនៅក្នុងសង្គមជាយូរលង់មកហើយ ដែលកូនខ្មែរជំនាន់ក្រោយត្រូវថែរក្សានិងបន្តវេនមត៌កនេះ កុំឱ្យបាត់បង់» ។

ព្រះភិក្ខុ ឡាច លាង មានព្រះថេរៈដិការទៀតថាសក់ គឺជាវត្ថុដែលមនុស្សគ្រប់រូបស្រឡាញ់និងពិចពិលរមិលមើល ថែរក្សាការពារសម្អិតសម្អាងរៀងរាល់ថ្ងៃ ប៉ុន្តែប្រសិនបើយុវជន កុលបុត្រ កុលធីតាណាស័្មគ្រចិត្តលះបង់សក់ ដែលស្រឡាញ់នេះ ដើម្បីសាងផ្នួសនោះ គឺជាការលះបង់ដ៏អស្ចារ្យមួយ ក្នុងការតបស្នងសងគុណឪពុក អ្នកម្តាយ អ្នកមានគុណទាំងឡាយ ជាពិសេស គឺបានថ្វាយព្រះរាជកុសលចំពោះអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្នាក់ដឹកនាំជាតិទាំងមូល ព្រមទាំងបានអានិសង្ឃសម្រាប់ខ្លួនឯងផង។ ព្រះអង្គបានផ្តល់ដំបូន្មានដល់កុលបុត្រ កុលធីតាទាំងអស់ ដែលស្ម័គ្រចិត្តមកបំពេញកិច្ចបួសជាសង្ឃ ជាសីលវតី ពេលនេះ ត្រូវខិតខំសិក្សារៀនសូត្រ និងស្វែងយល់ ពីព្រះធម៌របស់ព្រះពុទ្ធ ហើយក៏ត្រូវតែបន្តការវេននៃការគោរពប្រតិបត្តិទំនៀមទម្លាប់ ប្រពៃណីជាតិឱ្យបានល្អគង់វង្សតទៅមុខទៀតដែរ៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន

អត្ថបទដែលជាប់ទាក់ទង