ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹក កម្ពុជាឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៨-២២ ខែឧសភា នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងលោក ណុះ ស្លេស រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ២០២២ បានអញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្ពុជាឆ្នាំ២០២២ នៅឆ្នេរអូរត្រេះ ស្ថិតនៅសង្កាត់លេខ៤ ក្រុង- ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក ណុះ ស្លេស រដ្ឋលេខាធិកា ក្រសួងអប់រំនិងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ Cambodia International JET SKI Championship 2022 សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។

លោកបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ មានប្រតិភូកីឡាករ កីឡាការិនីចូលរួមចំនួន ៦០នាក់ មកពី ០៤ប្រទេស។ ក្នុងនោះមាន កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ។ ហើយថា ការប្រកួតមាន ០៧វិញ្ញាសា ក្នុងនោះគណៈកម្មការបច្ចេកទេសអន្តរជាតិមាន ១៣នាក់ និងគណៈកម្មការថ្នាក់ជាតិមាន ៣៥នាក់។

លោក ណុះ ស្លេស បន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ ០៣ គឺ៖
១- វាស់ស្ទង់សមត្ថភាពកីឡាករ និងគុណផលកីឡា សម្រាប់ត្រៀមដណ្ដើមមេដាយនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
២- វាស់ស្ទង់សមត្ថភាពគណៈកម្មការបច្ចេកទេសរៀបចំព្រឹត្តិការណ៍ប្រកួត។
៣- ចូលរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្ពុជា បង្ហាញពីការចាប់ផ្ដើមស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្នុង និងក្រោយស្ថានភាពវិបត្តិកូវីដ-១៩។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំការប្រកួតកីឡាម៉ូតូទឹកកម្រិតអន្តរជាតិឆ្នាំ២០២២ នៅខេត្តព្រះសីហនុ គឺស្របពេលដែលរាជរដ្ឋាភិបាលបើកដំណើរការប្រទេស និងសង្គមសេដ្ឋកិច្ចឡើងវិញ សកម្មភាពកីឡាចាប់ផ្តើមដំណើរការហ្វឹកហាត់ រៀបចំព្រឹត្តិការណ៍កីឡាតាមគន្លងប្រក្រតីភាពថ្មី ព្រឹត្តិការណ៍នេះ ក្នុងគោលបំណងបង្ហាញការចាប់ផ្តើមស្តារសង្គម-សេដ្ឋកិច្ច ក្នុងពេលដែលប្រទេសជាតិមានសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យកីឡាសំដៅធានាកសាងធនធានមនុស្សឱ្យមានសុខភាពល្អសមត្ថភាព និងសីលធម៌ខ្ពស់ស្របតាមបរិបទកម្ពុជា ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

លោកបន្តថា វិស័យអប់រំ និងកីឡាបានរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពសិស្ស និស្សិត ប្រជាជនកាត់បន្ថយភាពអសកម្មផ្សេងៗ ក្នុងសង្គម ជាអាទិ៍ការប្រើប្រាស់គ្រឿងញៀន។

លោកអភិបាលបន្ថែមថា ចាប់ពីឆ្នាំ២០១៩ ក្រសួងបានកំណែទម្រង់ការប្រកួតកីឡាសិស្សនិស្សិត ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ទៅជាការប្រកួតកីឡាសិស្សថ្នាក់ជាតិ National Scool Games និងកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ ជារៀងរាល់២ឆ្នាំម្តង។ កំណែទម្រង់នេះឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យកីឡាជាតិ ក៏ដូចជាក្នុងតំបន់ ដើម្បីជ្រើសរើសបានកីឡាករ កីឡាការិនីល្អចូលក្នុងក្រុមជម្រើសជាតិ ក្នុងការហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិ ពិសេសសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ក៏បានត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងសមត្ថភាពកីឡាករឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ព្រមជាមួយគ្នានេះ លោកក៏បានអំពាវនាវវិស័យឯកជន សប្បុរសជន ប្រជាពលរដ្ឋចូលរួមឧបត្ថម្ភគាំទ្រជាស្មារតីសម្ភារៈ និងថវិកា រួមចំណែកអភិវឌ្ឍវិស័យកីឡាក្រោមពាក្យស្លោក “រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅជោគជ័យស៊ីហ្គេមឆ្នាំ២០២៣”។

បន្ថែមលើសនេះ លោក គួច ចំរើន បានធ្វើការផ្ដាំផ្ញើដល់គណៈកម្មការរៀបចំការប្រកួត គ្រូបង្វឹក និងកីឡាករ កីឡាការិនីដូចខាងក្រោម៖
១. គណៈកម្មការរៀបចំការប្រកួតត្រូវគោរពឱ្យបាន នូវបទបញ្ជា នៃការប្រកួតភាពយុត្តិធម៌ និងគោរពឱ្យបាននូវក្រមសីលធម៌ វិជ្ជាជីវៈ
២. កីឡាករ កីឡាការិនីត្រូវគោរពបទបញ្ជា នៃការប្រកួត និងត្រូវគោរពគ្នាទៅវិញទៅមក
៣. គណៈកម្មការរៀបចំការប្រកួតត្រូវរៀបចំការស្នាក់នៅ និងដឹកជញ្ជូនប្រតិភូកីឡាមកពីប្រទេសទាំងបីឱ្យបានល្អប្រសើរ
៤. ត្រូវអនុវត្តតាមគោលការណ៍ស្តង់ដារសុវត្ថិភាព និងគោរពតាមវិធានការសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង