សកម្មភាពឃោសនាបោះឆ្នោត ឃុំ-សង្កាត់ ថ្ងៃដំបូង របស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ

 

ខេត្តព្រះសីហនុ ៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា «យុទ្ធនាការឃោសនាបោះឆ្នោត គឺជាសក្ខីភាពបញ្ជាក់ឱ្យយើងឃើញយ៉ាងច្បាស់នូវការប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចាក់ឫស្សយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា និងបាននាំមក នូវសិទ្ធិសេរីភាពពេញលេញទាំងផ្នែកសង្គម សេដ្ឋកិច្ច និងនយោបាយ ដោយមិនប្រកាន់រើសអើងជាតិសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និន្នាការនយោបាយ សំដៅកសាងសង្គមកម្ពុជាឱ្យមានភាពសុខដុម តាមគន្លងនីតិរដ្ឋ» ។

លោក សាយ សំអាល់ មានប្រសាសន៍ដូច្នេះ ឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រឹកថ្ងៃ២១ ខែឧសភា ឆ្នាំ២០២២។

ថ្លែងទៅកាន់សមាជិក សមាជិកានៃអង្គពិធី លោក សាយ សំអាល់ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដែលបានខិតខំអនុវត្តភារកិច្ច របស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានដាក់ចេញមនូវផែនការរួម និងបង្កើតគណៈកម្មការដឹកនាំ និងអនុគណៈកម្មការផ្សេងៗ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ។

លោកសង្កត់ធ្ងន់ថា កន្លងមក ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សយើងបានបំពេញតួនាទី និងភារកិច្ច របស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋដល់មូលដ្ឋានយ៉ាងសកម្មលើគ្រប់វិស័យជាប់ជាប្រចាំ។ ដូច្នេះ យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃនេះ គឺជាឱកាសដ៏ប្រព្រៃសម្រាប់បងប្អូនយើងជាសកម្មជន និងឃោសនិកនៅតាមមូលដ្ឋាន ក្នុងការផ្សព្វផ្សាយ និងបញ្ជាក់ឱ្យកាន់តែច្បាស់អំពីសមិទ្ធផល ការប្តេជ្ញាចិត្ត និងទិសដៅការងារ ដែលយើងត្រូវបន្តអនុវត្តស្របតាមកម្មវិធីនយោបាយ របស់គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ក្រោមដំបូលសន្តិភាពពេញលេញទូទាំងប្រទេស។ សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ បូរណភាពទឹកដី រដ្ឋាភិបាលតែមួយ ប្រព័ន្ធតុលាការតែមួយ ក្រោមអធិបតេយ្យជាតិ ដែលមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» ដែលនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០០ឆ្នាំ កន្លងមកនេះ ៕

អត្ថបទដែលជាប់ទាក់ទង