លោក គួច ចំរើន បើកយុទ្ធនាការឃោសនា បោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅស្រុកព្រៃនប់

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃអាទិត្យ ៦រោជ ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានបើកយុទ្ធ នាការឃោសនារកសម្លេងឆ្នោតនៅតាមក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ក្នុងនោះ លោក គួច ចំរើន សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានគណ:កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តទី៥ នៅទីតាំងបុរីឡេងណាវ៉ាត់ត្រា ស្ថិតនៅឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានសមាជិកចូលរួមជិត ៥ពាន់នាក់។

នាឱកាសនោះ លោក គួច ចំរើន ស្វាគមន៍សមាជិកសមាជិកា របស់គណបក្សប្រជាជន មកពីឃុំទាំង១៥ នៃស្រុកព្រៃនប់ ដែលបានចូលរួមយុទ្ធនាការរកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

លោក គួច ចំរើន បន្តថា ការជួបជុំនេះ ជាមោទនភាពសាមគ្គីភាពរឹងមាំ របស់គណបក្សប្រជាជនកម្ពុជា ហើយភាពជោគជ័យ របស់គណបក្ស ដែលមានកម្លាំងគាំទ្រពីសមាជិក សមាជិកា និងមហាជន នៅក្នុងមូលដ្ឋាន របស់យើង។

លោកថា គណបក្សប្រជាជន បានដឹកនាំរាជរដ្ឋាភិបាលជាង ៤០ឆ្នាំកន្លងមកនេះ អាស្រ័យមានការគាំទ្រជាប់ជាប្រចាំពីសំណាក់សមាជិក សមាជិកាតែរក្សាបាន នូវសុខសន្តិភាព មានការចូលរួមបោះ ឆ្នោតពីសមាជិក សមាជិកាគ្រប់ឃុំសង្កាត់។

លោក គួច ចំរើន ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា គណបក្សប្រជាជន ឈ្នះឆ្នោត ដើម្បីប្រជាជន បំរើប្រជាជន និងអភិវឌ្ឍមូលដ្ឋាននៅគ្រប់កាលទេសៈ មន្ត្រីគណបក្សប្រជាជនកម្ពុជា ជាមន្ត្រីដែលមានសមត្ថភាពបំរើប្រជាជន ពិតប្រាកដ ក្នុងវិបត្ដិកូវីដ- ១៩ បានខិតខំប្រឹងប្រែងចូលរួមទទួលខុសត្រូវនៅមូលដ្ឋាន ទាំងកម្លាំងកាយ សម្ភារៈ ថវិកាចូលរួមយ៉ាងសកម្មនូវវិធានការនានា របស់រាជរដ្ឋាភិបាលបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ។

លោកបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង លោក សាយ សំអាល់ បានខិតខំដោះស្រាយបញ្ហាប្រឈមធ្វើឱ្យប្រទេសជាតិមានសុខ សន្តិភាពមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកបានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមូលដ្ឋាន ក្រុម ការងារ ដែលបានគាំទ្ររៀបចំកម្មវិធីយ៉ាងធំធេង ទោះបីមានការរំខានដោយសារអាកាសធាតុក៏ដោយ តែលោក លោកស្រីបានមកជួបជុំ ដើម្បីបង្ហាញឆន្ទ: មោទន:ភាព ជូនចំពោះប្រជាជន មហាជនក្នុងភូមិសាស្ត្រ ធ្វើការដឹកនាំសង្គមជាតិមានស្មាដៃល្អ និងមានការអភិវឌ្ឍ កសាងសន្តិភាព ជម្រុញកំណើនសេដ្ឋកិច្ចសង្គម នេះជាសមិទ្ធិផលយ៉ាងធំធេងមិនអាចកាត់ថ្លៃបាន។ ថ្ងៃនេះសមាជិក សមា ជិកានៅទូទាំងប្រទេសបានជួបជុំគ្នាផ្សព្វផ្សាយគោលនយោបាយគណ បក្ស ដើម្បីឱ្យពួកគាត់ មានលទ្ធភាពបំរើការងារស្មោះត្រង់បំរើប្រជាជន។ មន្ត្រីគណបក្សប្រជាជនកម្ពុជា ចូលរួមការពារសុខមាលភាពសាធារណជូនបងប្អូន នៅមូលដ្ឋាន នេះជាស្មាដៃ និងការលះបង់ជួយសង្រ្គោះប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក គួច ចំរើន បញ្ជាក់ទៀតថា បន្ទាប់ពីការហែក្បួន ស្មើសុំឱ្យក្រុមការងារត្រូវផ្សារភ្ជាប់ជាមួយសមាជិក សមាជិកានៅមូលដ្ឋាន ចុះតាមខ្នងផ្ទះ ដើម្បីអបអរសាទរនៃការរៀបចំឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យទទួលបានលទ្ធផលផ្លែផ្កានៅពេលខាងមុខ។
ក្នុងឱកាស នៃការបើកការឃោសនាថ្ងៃទីមួយ គណបក្សភ្លើងទាន ក៏បានធ្វើសកម្មភាពបង្ហែនៅស្រុកព្រៃនប់ផងដែរ។ ដោយឡែកគណបក្សផ្សេង ទៀតមិនមានសកម្មភាពបង្ហែក្បួននោះទេ។

តាមរបាយការណ៍ របស់គណៈកម្ម ការជាតិរៀបចំការបោះឆ្នោតខេត្តព្រះ សីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុមានគណបក្សយោបាយចុះបញ្ជីឈរ ឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់មានចំនួន១១ ក្នុងនោះមានដូចជា៖
១. គណបក្សប្រជាជនកម្ពុជា ២៩ ឃុំសង្កាត់
២. គណបក្សភ្លើងទាន ២៩ ឃុំ សង្កាត់

៣. គណបក្សហ៊្វុនស៊ីនប៉ិច ២០ ឃុំសង្កាត់
៤. គណបក្សខ្មែររួបរួមជាតិ ១៤ ឃុំសង្កាត់
៥. គណបក្សយុវជនកម្ពុជា ១២ ឃុំសង្កាត់
៦. គណបក្សឯកភាពជាតិខ្មែរ ៨ ឃុំសង្កាត់
៧. គណបក្សកម្ពុជានិយម ៥ ឃុំសង្កាត់
៨. គណបក្សកែទម្រង់កម្ពុជា ១ ឃុំសង្កាត់
៩. គណបក្សខ្មែរស្រឡាញ់ជាតិ ១ឃុំសង្កាត់
១០.គណបក្សខ្មែរតែមួយ ១ឃុំសង្កាត់
១១. គណបក្សសញ្ជាតិកម្ពុជា ១ ឃុំសង្កាត់ ៕

អត្ថបទដែលជាប់ទាក់ទង