កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រៀបចំពិធីបំពាក់ឯកសណ្ឋាន យុវជនកាកបាទក្រហមខេត្ត ៦៦៨នាក់

ខេត្តព្រះសីហនុ ៖ ពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមកពីក្រុង ស្រុកទាំង៤ សរុបចំនួន ៦៦៨នាក់ ក្នុងនោះក្រុងព្រះសីហនុ ចំនួន ៣១៨នាក់, ស្រុកព្រៃនប់ ចំនួន ២៥០នាក់, ស្រុកស្ទឹងហាវ ចំនួន ៥០នាក់, និងស្រុកកំពង់សីលា ចំនួន ៥០នាក់។

ពិធីនេះ បានរៀបចំឡើង នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដោយមានការចូលរួមពី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ទីប្រឹក្សាយុវជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជា។

នាឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាលជាមួយក្មួយៗ និងពាំនាំផ្តាំផ្ញើសួរសុខទុក្ខសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗ ព្រមទាំងវាយតម្លៃកោតសរសើរនាយក មន្ត្រីសាខា អនុសាខាតាមក្រុង ស្រុក ពិសេសមន្ទីរអប់រំដែលបានសម្របសម្រួលការជួបជុំបំពាក់ឯកសណ្ឋាននេះ។

លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល យុវជនកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានបទពិសោធន៍ការងារសង្គមជាច្រើននាពេលកន្លងមក យើងមិនត្រូវទុកពេលវេលាឱ្យកន្លងហួសឡើយ ត្រូវហ្វឹកហាត់ចែករំលែកបទពិសោធន៍ទទួលបានលទ្ធផលល្អ កេរ្តិ៍ឈ្មោះល្អ នេះជាមោទនភាពដែលយើងទទួលបាន។ ហើយការសម្រេចចិត្តរបស់ក្មួយៗ ហ្វឹកហាត់រៀបចំខ្លួនជាយុវជនល្អ អភិវឌ្ឍសមត្ថភាពរៀនសូត្រ ការសម្រេចចិត្តឱ្យបានត្រឹមត្រូវធ្វើការងារឯកភាពគ្នា ដូច្នេះក្មួយៗ ត្រូវខិតខំព្យាយាម ដើម្បីសម្រេចគោលដៅរបស់ខ្លួនឆ្លងកាត់បទពិសោធន៍ជាភាពជោគជ័យ។

លោកក៏បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់ក្មួយៗ ត្រូវបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កាកបាទក្រហមកម្ពុជា ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។ សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។ បន្តលើកទឹកចិត្តដល់សមាជិកយុវជន កាកបាទក្រហមកម្ពុជា ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។ សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងធ្វើការអនុវត្តការងារស្របតាមបរិបទ ការរស់នៅជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង