យុវជនម្នាក់ នៅខេត្តសៀមរាប ចាប់យកអាជីពជាអ្នក ផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា និងចង់រក្សាសាស្ត្រាវុធបុរាណខ្មែរ

ខេត្តសៀមរាប ៖ បើទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រមត៌កវប្បធម៌មួយនេះបែបណាក្តី  ក៏ប៉ុន្ដែមានយុវជនម្នាក់ រស់នៅភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប បានសុខចិត្ដរៀនជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដើម្បីបន្ដវេនពីជីតា របស់គាត់។

នៅកន្លែងសិប្បកម្ម របស់យុវជន ឈ្មោះ រុន នពាន់ គឺមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនប្រភេទ ដែលគាត់បានផលិតចេញពីលោហ: និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំ និងក្បួនខ្នាត របស់ខ្មែរបុរាណ។

យុវជនរូបនេះ បានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធ របស់គាត់ គឺគាត់បានរៀនសូត្រពីជីតា តាំងពីកុមារភាព ហើយមុខរបរនេះ មិនបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសារ របស់គាត់ល្អប្រសើរឡើយ ខណ:ដែលការជួយគាំទ្រ និងបញ្ជាទិញពីអតិថិជនក៏កាន់តែមានតិចតួចទៅៗ ស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ឧបករណ៍ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើប។ ប៉ុន្តែទោះបីជាយ៉ាងណា លោក នៅតែខំប្រឹងបន្តមុខរបរផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរតទៅទៀត ដោយសារតែទឹកចិត្តស្រឡាញ់ និងចង់ថែរក្សាមត៌កវប្បធម៌ដ៏យូរលង់ របស់ខ្មែរ កុំឱ្យបាត់បង់។

លោក រុន នពាន់ បានបន្តទៀតថា ជាច្រើនជំនាន់មកហើយពូជពង្ស របស់លោក គឺជាអ្នកផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរ ។ ហេតុដូច្នេះបើទោះបីជាបច្ចុប្បន្នក្រុមគ្រួសារលោកភាគច្រើនមិនមានអ្នករៀនជំនាញនេះតទៅទៀតក៏ដោយ ក៏រូបលោក នៅតែបន្តវេនធ្វើជំនាញនេះ ពីព្រោះវាគឺជាញើសឈាមរបស់ជីតា។ ជីតា របស់យុវជន រុន នពាន់ គឺលោកតា នូ លាត ដែលអ្នកភូមិជាច្រើនគោរព និងទទួលស្គាល់ថា ជាជាងដែកយ៉ាងចំណាន ចេះផលិតសម្ភារ: និងគ្រឿងសាស្ត្រាវុធបុរាណខ្មែរជាច្រើនប្រភេទ ធ្វើពីលោហ: ( ដែក) ក៏ប៉ុន្តែគាត់បានទទួលមរណភាពទៅហើយដោយសារវ័យចាស់ជរា។ កូនៗ របស់លោកតានូ លាត មានចំនួន ៨នាក់ គឺគ្មាននរណាម្នាក់បានរៀនជំនាញជាងដែកនេះទេ។ លោកបានបន្ដថា ការផលិតអាវុធបុរាណខ្មែរបន្តពីឪពុកទេ គឺមានតែយុវជន រុន នពាន់ ដែលជាចៅប្រុសម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តរៀនជំនាញនេះ ដើម្បីបន្តវេនពីជីតា។
ជំនាញជាងដែកផលិតជាសម្ភារ: ប្រើប្រាស់ និងគ្រឿងសាស្ត្រាវុធខ្មែរបុរាណនេះ គឺជាការងារដែលនឿយហត់ ដែលទាមទារឱ្យមានកម្លាំងខ្លាំង និងកាយសម្បទារឹងមាំ ទើបអាចធ្វើទៅកើត ពីព្រោះរាល់ការដំដែក គឺត្រូវប្រើកម្លាំងលើកញញួរធ្ងន់ៗ ដើម្បីដំដែករឹង។ កាលណាកម្លាំងមិនដល់ គឺមិនអាចធ្វើការងារនោះបានឡើយ។

យុវជន រុន នពាន់ យល់ថាបើទោះបីជាមុខរបរជាងដែកផលិតអាវុធបុរាណនេះ លំបាកប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែតស៊ូ ដោយសារតែរូបលោកស្រឡាញ់ហើយឈាម របស់ជីតាលោកគឺជាជាងគ្រប់ជំនាន់ បើបណ្ដោយឱ្យបាត់បង់កេរ្តិ៍មត៌ក របស់ជីតាដែលមានតាំងពីយូរមកហើយនោះ គឺគ្រួសារ របស់គាត់ហាក់បាត់បង់អ្វីៗទាំងអស់ដែរ ។

បើភ្ញៀវជាតិ-អន្តរជាតិ ចាប់អារម្មណ៍ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ: ០៦១ ៧២ ៦៣ ៤៨ ៕
ប្រភព ៖ មន្ទីរព័ត៌មាន ខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង