សម្ដេច ហ៊ុន សែន ៖ ប្រឆាំងដាច់ខាត អ្នកមានអំណាច និងទឹកលុយ ជ្រកក្រោមពលរដ្ឋ ទន្ទ្រានដី
រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា យើងប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់សិទ្ធិអំណាច និងការប្រើទឹកលុយ ដើម្បីជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ។
សម្ដេចតេជោ លើកឡើងដូច្នេះ ធ្វើឡើងនៅក្នុងការសេចក្តីថ្លែងសារផ្សាយផ្ទាល់ពិសេស ស្ដីពី បឹងទន្លេសាប ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ ខណៈសម្ដេច បានបញ្ជាដល់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាប្រធានគណៈកម្មការសូរិយោដី ថ្នាក់ជាតិ រួមទាំងខេត្តជុំវិញបឹងទន្លេសាប ធ្វើការកែសម្រួលព្រំប្រទល់ថ្មី នៃតំបន់អភិរក្សបឹងទន្លេសាប ។
បន្ថែមលើនេះ សម្ដេច ហ៊ុន សែន ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ នៅពេលទទួលបានដីធ្លីដែលធ្លាប់បង្កបង្កើនផលហើយ សូមកុំកាប់រានដី ដែលនៅជិតខាងដើម្បីពង្រីកដីកាន់តែធំ។ ហើយកុំឱ្យអ្នកនៅពីក្រៅតំបន់ ជាឈ្មួញ ឬអ្នកមានអំណាចទៅ គប់គិតជាមួយប្រជាពលរដ្ឋ ហើយកាប់រានយកផ្ទៃដីរដ្ឋរាប់រយ រាប់ពាន់ហិកតា ហើយជួលឱ្យប្រជាពលរដ្ឋ ដូចរយៈពេលកន្លងទៅ ។
សម្ដេចតេជោ ឲ្យដឹងដូច្នេះ រួចបញ្ជាក់បន្តថា៖ “យើងប្រឆាំងដាច់ខាត ជាមួយការប្រើប្រាស់សិទ្ធិអំណាច របស់អ្នកមានអំណាច និងការប្រើទឹកលុយ របស់អ្នកមានប្រាក់ ដើម្បីជ្រកក្រោមរូបភាពប្រជាពលរដ្ឋ ហើយដណ្ដើមទន្ទ្រានកាន់កាប់យកដីធ្លី ដើម្បីធ្វើជាផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែយើងគាំទ្រ និងលើកទឹកចិត្ត និងផ្ដល់ការគាំពារប្រជាពលរដ្ឋសុចរិត ដែលបានបង្កបង្កើនផលលើផ្ទៃដីនេះ យូរមកហើយ យ៉ាងហោចណាស់ ក៏ជាង ១០ឆ្នាំដែរ” ។
ជាងនេះទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រុមការពារ ពិនិត្យពិចារណា ដោយផ្អែកលើស្ថានភាពជាក់ស្ដែង នៃភូមិសាស្ត្រនីមួយៗ ក្នុងការកាត់ឆ្កៀលចេញពីតំបន់២ ឬតំបន់៣ សម្រាប់ទីតាំងដែលមានប្រជាជនរស់នៅជាក់ស្ដែង មានភូមិករ សាលា វត្តអារាម ដែលភូមិករខ្លះបានកើតជាយូរណាស់មកហើយ ។
សម្ដេចនាយករដ្ឋមន្ត្រី បន្តថា កន្លងមករដ្ឋាភិបាល បានសាងសង់វត្តអារាម ក៏ដូចជាសាលារៀនបណ្ដែតទឹក សាលារៀនខ្ពស់លើផ្ទៃដីជូនប្រជាពលរដ្ឋរស់នៅតំបន់ព្រៃលិចទឹក នៅតំបន់ទន្លេសាប ។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ចុះទប់ស្កាត់ជាបន្ទាន់ ចំពោះករណីទន្ទ្រានដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ដោយខុសច្បាប់ និងចាត់វិធានការច្បាប់តឹងរ៉ឹងចំពោះអ្នកល្មើស។ ក្នុងនោះ ត្រឹមដើមខែមករា ឆ្នាំ២០២២នេះ ដីព្រៃលិចទឹកជិត ៦០ ០០០ ហិកតា ក្នុងខេត្តចំនួន ៦ នៅជុំវិញបឹងទន្លេសាប ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោយជនល្មើសទន្ទ្រានកាន់កាប់ដោយខុសច្បាប់។ ក្រៅពីដកហូតដីមកវិញ រដ្ឋាភិបាល បានបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យធ្វើការបោះបង្គោលកំណត់ព្រំដី ដំឡើងផ្ទាំងប៉ាណូ ដើម្បីកំណត់ព្រំតំបន់ការពារដែនព្រៃលិចទឹក និងការដាំដើមឈើលិចទឹកក្នុងតំបន់ ៣ ឡើងវិញ រួមទាំងចុះរៀបចំចុះបញ្ជីដីរដ្ឋក្នុងតំបន់៣៕
ប្រភព ៖ កម្ពុជាថ្មី