កសិករខេត្តសៀមរាប អំពាវនាវដល់ភ្ញៀវទេសចរ ជួយគាំទ្រកសិផល របស់អ្នកភូមិធម្មជាតិរុនតាឯក ដាក់តាំងលក់ក្នុងសួនរុក្ខជាតិអង្គរ

ខេត្តសៀមរាប ៖ ប្រជាកសិករដាំដំណាំម្នាស់ទឹកឃ្មុំ នៅខេត្តសៀមរាប បានអំពាវនាវឲ្យភ្ញៀវទេសចរ ជួយគាំទ្រកសិផល ដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់តាំងលក់ក្នុងសួនរុក្ខជាតិអង្គរ ។ឲ

គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ដែលក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តសៀមរាប បានបញ្ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅលើដីចំណីផ្លូវ ដងស្ទឹងសៀមរាប ឱ្យទៅរស់នៅក្នុងគម្រោងអភិវឌ្ឍន៍នោះ ហើយ បច្ចុប្បន្ន ការរស់នៅ របស់ពួកគាត់ ប្រកបដោយសេចក្តីសុខសាន្ត និងមានមុខរបរយ៉ាងល្អប្រសើរ ។

ជាងនេះទៀត បច្ចុប្បន្នពួកគាត់កំពុងប្រមូលផលម្នាស់ទឹកឃ្មុំ ដែលបានដាំបង្ហាញលើផ្ទៃដីជាង ២ហិកតា ដោយការដាំដុះទាំងនោះ គឺប្រើប្រាស់ជីធម្មជាតិសុទ្ធសាធ ។ ហើយថា ម្នាស់ទឹកឃ្មុំនោះ ក៏ទទួលបានការកោតសរសើរថា មានឱជារសផ្អែមឆ្ងាញ់ ហើយកំពុងដាក់លក់ នៅក្នុងសួនរុក្ខជាតិអង្គរ ។

ទាក់ទិនបញ្ហានេះ លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានឲ្យដឹងថា ម្នាស់ទឹកឃ្មុំ ដែលកសិករដាំដុះខាងលើ គឺពួកគាត់មិនប្រើជីគីមីទេ ដោយប្រើជីអាចម៍មាន់ និងប្រភេទជីកំប៉ុស្ត ប៉ុណ្ណោះ ។ ការប្រើជីធម្មជាតិដូច្នេះ មន្ត្រីជំនាញប្រាប់ថា បានទិន្នផលល្អមិនចាញ់ប្រើជីគីមីប៉ុន្មានទេ និងមិនប៉ះពាល់សុខភាពទៀតផង។

ចំណែកទីផ្សារវិញ ការដាំនៅឆ្នាំនេះ គឺយកមកលក់នៅសួនរុក្ខជាតិអង្គរ ដែលអាជ្ញាធរជាតិអប្សរាទើបនឹងសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ហើយមានការគាំទ្រច្រើនពីសាធារណជន ដែលបានចូលទៅទស្សនាក្នុងសួនមួយនេះ ។

លោក ស៊ុន កែវពិសី បន្ថែមថា ក្រៅពីដំណាំម្នាស់ ក្នុងគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនេះ ក៏មានដាំផ្លែឈើចម្រុះដទៃទៀត រួមមាន៖ ផ្លែខ្នុរ ស្រកានាគ អំពៅ។ល។ ដើម្បីបង្ហាញដល់ពលរដ្ឋ ក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគេដាំដុះឱ្យបានច្រើនផងដែរ។ ចំពោះដំណាំម្នាស់វិញ មានពលរដ្ឋ ៤គ្រួសារហើយ ដែលចាប់អារម្មណ៍ដាំដុះ ហើយគម្រោងនេះ បានចែកពូជកូនសរុប ១,២០០កូន ដល់ពលរដ្ឋដោយឥតបង់ថ្លៃ ក្នុងន័យលើកស្ទួយកម្រិតជីវភាពពួកគេ ឲ្យមានភាពល្អប្រសើរ។

លោកបន្តថា បច្ចុប្បន្ន កសិករទាំងនោះ បានយកទៅដាំលើផ្ទៃដី ដែលអាជ្ញាធរជាតិអប្សរាចែកជូន ដើម្បីបន្តអភិវឌ្ឍន៍ភូមិនេះ ដូចជាបានបន្តរៀបចំជាផ្លូវថ្នល់ និងប្រព័ន្ធប្រឡាយ ៤ខ្សែបន្ថែមទៀត សម្រួលដល់ការធ្វើដំណើរ និងយកទឹកស្រោចស្រពសម្រាប់ដំណាំកសិកម្មប្រជាពលរដ្ឋក្នុងភូមិទាំងមូលផងដែរ។

ប្រជាពលរដ្ឋ ដែលប្រកបរបរដំណាំម្នាស់នេះ បានអំពាវនាវដល់ភ្ញៀវទេសចរ ដែលមកទស្សនាសួនរុក្ខជាតិអង្គរ មេត្តាជួយប្រើប្រាស់ និងទិញម្នាស់ទឹកឃ្មុំ ឱ្យបានច្រើនជាអតិបរិមា ដើម្បីជួយដល់ជីវភាពអ្នកភូមិអភិវឌ្ឍន៍រុនតាឯក ឱ្យបានល្អប្រសើរ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប

អត្ថបទដែលជាប់ទាក់ទង