បទល្មើសបាញ់បោះអនាធិបតេយ្យ បន្តកើតមានក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា មានបទល្មើសផ្ទុះអាវុធ មួយករណី បានកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមិត្តភាព ត្រង់ចំណុចឃ្លាំងលក់ ឬជួលរថយន្តមួយកន្លែង ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រង់ចំណុចម្តុំក្បែរអធិការនគរបាលក្រុងព្រះសីហនុ។

ប្រភពពីបុរសវ័យចំណាស់ម្នាក់ដែលជាឪពុកម្ចាស់ឃ្លាំងលក់រថយន្តកើតហេតុខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈកូន របស់គាត់ (ម្ចាស់ឃ្លាំង) និងក្រុមជាងជួសជុលរថយន្តរៀបចំហូបបាយ ក៏ស្រាប់តែក្រុមជនបង្កមានគ្នាប្រមាណពី ០៤ ទៅ០៥នាក់ ដោយមានអ្នកខ្លះជិះម៉ូតូ និងខ្លះទៀតជិះរថយន្ត បានចូលមកដល់ឃ្លាំងជួល និងលក់រថយន្តកូន របស់គាត់ ក្នុងគោលបំណងមកទារលុយថ្លៃដាក់ ជួលរថយន្ត ឲ្យជនជាតិចិន។ ប៉ុន្តែក្រោយមក ក៏កើតមានទំនាស់ពាក្យសម្តីបន្តិចបន្តួចជាមួយ អ្នកជួលរថយន្ត ពាក់ព័ន្ធទារលុយថ្លៃជួលរថយន្ត មិនបានគ្រប់ចំនួន។ ក្នុងពេលនោះ ក្រុមជនបង្ក ក៏កើតមានកំហឹងហើយក៏ទាញអាវុធខ្លីបាញ់មួយគ្រាប់ ហើយក៏នាំគ្នាខ្លះជិះម៉ូតូ និងខ្លះជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព ក្នុងពេលនោះតែម្តង។

ក្រោយផ្ទះអាវុធ កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការរួមគ្នាចុះត្រួតពិនិត្យនៅចំណុចកើតហេតុ និងបានពិនិត្យមើលសកម្មភាពក្រុមជនបង្កដែលថតដោយកាមេរ៉ាសុវត្ថិភាពក្នុងបរិវេណឃ្លាំង ដើម្បីងាយស្រួលក្នុងការកំណត់អត្តសញ្ញាញនិងតាមចាប់ខ្លួន ក្រុមជនបង្ក យកមកផ្តន្ទាទោសតាមនីតីវិធី។

ជាមួយគ្នានោះ ប្រជាពលរដ្ឋខេត្តព្រះសីហនុ បានលើកឡើងថា ក្រុមជនបង្ករខាងលើនេះ ដូចជាមានភាពក្លាហានណាស់ ដែលបានប្រើប្រាស់កាំភ្លើងបាញ់បោះសេរី ស្របពេលដែលគណៈបក្សនយោបាយជាច្រើន កំពុងចាប់ផ្តើមឃោសនារកសណឡេងឆ្នោត តាមរយៈការផ្សព្វផ្សាយអំពីគោល នយោបាយភូមិ ឃុំមានសុវត្ថិភាពដើម្បីស្វែងរកអ្នកគាំទ្រ។

ត្រង់ចំណុចនេះ បញ្ជាក់ឲ្យឃើញថា ក្រុមជនបង្ក កំពុងមានចេតនាបង្កឲ្យចលាចលបំផ្លាញសុខសន្តិភាពសង្គម។

ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខេត្តព្រះសីហនុ សង្ឃឹមថាសមត្ថកិច្ច នឹងតាមចាប់ជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់ ក្នុងពេលឆាប់ៗនេះ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង