រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសដាក់ឱ្យប្រើប្រាស់ អគារពិនិត្យព្យាបាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន

ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានដឹកនាំមន្ត្រីចុះពិនិត្យមើលអគារព្យាបាលជំងឺកូវីដ-១៩ និងបានប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២តទៅ បន្ទាប់ពីបានបញ្ចប់ការសាងសង់។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា អគារតេជោព្យាបាលជំងឺកូវីដ-១៩ មានទីតាំងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយមានទទឹង៣៣,៤ម៉ែត្រ បណ្តោយ ៩០,៦ម៉ែត្រ កម្ពស់ ០១ជាន់ សសរ​គ្រឹះធ្វើពីបេតុង​ ដំបូលប្រក់ស័ង្កសី​ អាចដាក់គ្រែសរុប ២២៩គ្រែ ក្នុងនោះគ្រែអ្នកជំងឺស្រាល ១៤៣គ្រែ អ្នកជំងឺធ្ងន់ ៥៧គ្រែ និងសង្រ្គោះបន្ទាន់២៩គ្រែ។

អគារតេជោនេះ មានបន្ទប់ធំទូលាយ បំពាក់ នូវឧបករណ៍ជំនួយដង្ហើមសម្រាប់ជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ និងមានលក្ខណៈទំនើបទាន់សម័យ។

តាមរយៈអគារព្យាបាលជំងឺកូវីដ-១៩នេះ នឹងជាផ្នែកមួយបន្ថែមទៀត សម្រាប់ជួយពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ។ ទោះបីពលរដ្ឋក្រីក្រ ឬអ្នកមាន ក៏អាចចូលមកទទួលសេវាសុខាភិបាលព្យាបាល បានដូចគ្នា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង