ពិធីបិទយុទ្ធនាការឃោសនា បោះឆ្នោតមជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាពលោក តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្តាល
និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះសីហនុ និងលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ។

ពិធីនេះ បានធ្វើឡើង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ នៅទីលានសម្តេចតេជោ (កន្ទុយនាគ) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។

នាឱកាសនោះ លោក អ៉ី សុខឡេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលមានរយៈពេល ១២ថ្ងៃ ចាប់ផ្តើមកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ត្រូវបិទបញ្ចប់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយ គ្មានអំពើហិង្សា គ្មានការប្រឆាំងតវ៉ា និងគ្មានបាតុភាពអ្វីកើតឡើងនោះឡើយ។

លោក អ៉ី សុខឡេង បន្តថាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំង ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ បានចូលរួមបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ មានចំនួន ប្រមាណ ៣៧១១នាក់ ក្នុងនោះអមដំណើរដង្ហែរក្បួន ដោយមធ្យោបាយម៉ូតូ,ម៉ូតូកង់បីចំនួន ៨០០គ្រឿង និងរថយន្តចំនួន ៥២៩គ្រឿង។

ចំណែក លោក តឹករ៉េត សំរេច សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្ដាលចុះមូលដ្ឋាន ក្រុងព្រះសីហនុ បានកោតសរសើរសមាជិក សមាជិកា ដែលបានចូលរួមយ៉ាងសកម្មក្នុងរយ:ពេល ១២ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងអាណត្តិទី៥ យើងទាំងអស់គ្នាបានចុះទៅដល់មូលដ្ឋាន គ្រប់ខ្នងផ្ទះប្រជាពលរដ្ឋ បានលើកទឹកចិត្ត និងបង្ហាញ នូវគោលនយោបាយ ដ៏ល្អត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា រាល់សកម្មភាពរបស់បងប្អូនជាសកម្មជនគណបក្សប្រជាជនកម្ពុជា បានបង្ហាញការបេជ្ញាចិត្តខ្ពស់ យើងសង្ឃឹមថា នៅថ្ងៃបោះឆ្នោតទី៥ មិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជា នឹងនាំមក នូវជ័យជំនះដ៏ត្រចះត្រចង់ សម្រាប់ក្រុងព្រះសីហនុ ទាំងមូល ហើយក្នុងនាមសមាជិកសមាជិការ នៃគណបក្សប្រជាជនក្រុងព្រះសីហនុ សូមថ្លែងអំណរគុណចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រីប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ដែលបានដឹកនាំនាវា កម្ពុជា ឆ្លងកាត់ការលំបាកគ្រប់បបែបយ៉ាងរស់នៅជាមួយ ប្រជាពលរដ្ឋគ្រប់ពេលវេលាទទួលបានការអភិវឌ្ឍ និងសន្តិភាព ហើយក្នុងការបោះឆ្នោត បង្ហាញពីការដឹងគុណចំពោះថ្នាក់ដឹកនាំគណបក្ស ការបោះឆ្នោតមួយសន្លឹក គឺជាការត្រឹមត្រូវមានតម្លៃ សម្រាប់អាយុជីវិតយើងទាំងមូល ឆ្នោតមួយសន្លឹកដើម្បីខ្លួនឯង ការអភិវឌ្ឍនិងសុខសន្តិភាព សម្រាប់ប្រទេសជាតិ របស់យើង។

ទន្ទឹមនឹងនោះ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តព្រះសីហនុ បានថ្លែងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងនាមគណៈកម្មាធិកាគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមស្វាគមន៍វត្តមានបងប្អូនជនរួមជាតិ និងកោតសរសើរវាយតម្លៃ ចំពោះក្រុមការងារគ្រប់ថ្នាក់ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ នៃគណបក្សប្រជាពនកម្ពុជា បងប្អូនជនរួមជាតិបានចូលរួម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃទី២១ ខែឧសភា រហូតថ្ងៃនេះ ស្របតាមបទច្បាប់បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងមានសុវត្ថិភាពល្អប្រសើរ ស័ក្តសមជាគណ បក្សដែលនឹងកំពុងដឹកនាំ និងបន្តដឹកនាំប្រទេសជាតិ និងដឹកនាំឃុំ សង្កាត់ជាបន្តទៀត។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅក្នុងបរិយាកាសប្រទេសជាតិមានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គមយ៉ាងល្អរីកចម្រើនលើគ្រប់វិស័យក្នុងសង្គម។

លោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ទើបប្រទេសជាតិមានសុខសន្តិភាព និងរីកចម្រើនលើគ្រប់វិស័យ មានស្នាដៃធំៗ ជាប្រវត្តិសាស្ត្រជាច្រើនទាំងខាងនយោបាយ សេដ្ឋកិច្ចសង្គម និងវប្បធម៌ មានបទពិសោធន៍ដឹកនាំគ្រប់គ្រាន់ទាំង នៅថ្នាក់ជាតិ និងនៅមូលដ្ឋានឃុំសង្កាត់ មានធនធានមនុស្សប្រកបដោយមត្ថភាពពិត ប្រាកដក្នុងការបំពេញការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ មានរចនាសម្ព័ន្ធរឹងមាំពីថ្នាក់ជាតិ រហូត ដល់ថ្នាក់មូលដ្ឋាន ដើម្បីផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍ ក្នុងគោលបំណងឆ្លើយតបសេចក្តីប្រកាស របស់ប្រជាពលរដ្ឋ មានសាមគ្គីភាព និងឯកភាពរឹងមាំ ធ្វើសកម្មភាពគ្រប់បែបយ៉ាងដោយផ្សារភ្ជាប់នឹងជីវភាពជាក់ស្ដែង របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ។

លោកបានបន្តថា ក្នុងនាមសម្ដេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងក្នុងនាមគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ដឹងគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្ស បងប្អូនជនរួមជាតិជានិច្ចកាលធ្វើការប្ដេជ្ញាចិត្តគាំទ្រ

និងរួមសុខរួមទុក្ខ ជាមួយគណបក្ស ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព ការអភិវឌ្ឍន៍ឃុំ-សង្កាត់ ក៏ដូចប្រទេសជាតិរយៈពេលកន្លងមក និងតទៅទៀត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង