ក្មេងទំនើង១ក្រុម ដេញកាប់គូទំនាស់ និងកាប់នគរបាល ពេលចុះជួយអន្តរាគមន៍ របួសធ្ងន់ម្នាក់

ខេត្តពោធិ៍សាត់ ៖ ក្មេងស្ទាវ ០១ក្រុម មានគ្នាប្រមាណ ០៥នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់ ០១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន ០២គ្រឿងផងដែរ។

ភ្លាមៗនោះ កម្លាំងនគរបាលអន្តរាគមន៍ នៃស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ក៏បានចុះអន្តរាគមន៍ ប៉ុន្តែ ត្រូវក្រុមស្ទាវទាំងនោះ ប្រើកាំបិតកាប់ លោកនាយរងផ្នែកនគរបាលយុត្តិធម៌ម្នាក់ ឱ្យរងរបួសធ្ងន់។

ទោះជាបែបនេះក្តី កម្លាំងនគរបាល ក៏បានឃាត់ខ្លួនក្មេងស្ទាវចំនួន ១០នាក់ រួមនឹងម៉ូតូចំនួន ០៥គ្រឿង នាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ នៅលើដងផ្លូវកៅស៊ូលេខ១០១ ត្រង់ចំណុចសួនច្បារមុខធនាគារជាតិ ស្ថិតក្នុងភូមិពាលញែកទី២ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងមានក្មេងៗ ០១ក្រុម មានគ្នាប្រមាណ ០៥នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពកាប់គូទំនាស់ ០១ក្រុមទៀត និងកាប់កម្ទេចម៉ូតូចំនួន ០២គ្រឿង។ ហើយក្រោយមក ខណៈ កម្លាំងនគរបាល នៃអធិការដ្ឋានក្រុងពោធិ៍សាត់ ចេញទៅជួយធ្វើអន្តរាគមន៍ ក៏ត្រូវក្រុមជនបង្កកាប់មកលើ លោកអនុសេនីយ៍ទោ សុន កុសល នាយរងផ្នែកនគរបាលយុត្តិធម៌ បណ្ដាលឲ្យរងរបួសដៃទាំងសងខាងយ៉ាងធ្ងន់ រួចនាំគ្នាគេចខ្លួនបាត់ស្រមោល ៕

អត្ថបទដែលជាប់ទាក់ទង