អន្តរជាតិ ហៅ ការកាត់ទោស កញ្ញា សេង ធារី និង អ្នកនយោបាយបក្សប្រឆាំង ថាជាការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា

រាជធានីភ្នំពេញ ៖ ក្រោយពេលតុលាការសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយជាទ្រង់ទ្រាយធំនៅថ្ងៃអង្គារនេះមិនបានប៉ុន្មានម៉ោងផង សហគមន៍អន្តរជាតិ លោកសេរី ក៏បានបញ្ចេញប្រតិកម្មជាបន្តបន្ទាប់ ដោយហៅការសម្រេចនេះថាជារឿងអយុត្តិធម៌ និងជាការបង្ក្រាបសំឡេងប្រជាធិបតេយ្យដែលនៅសេសសល់ចុងក្រោយនៅកម្ពុជា។

ភ្លាមៗក្រោយការសម្រេចនេះ​ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃអង្គារនេះ ដោយចាត់ទុកការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសអ្នកនយោបាយប្រឆាំង និងកញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង ព្រមទាំងជាអ្នកច្បាប់ និងអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ ថាជាការបង្រ្កាបទ្រង់ទ្រាយធំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅលើអ្នកនយោបាយ និងក្រុមមនុស្សដែលប្រឆាំងនឹងលោក។

អ្នកនយោបាយប្រឆាំង ក្នុងនោះរួមមានទាំងលោក សម រង្សី ថ្នាក់ដឹកនាំ សកម្មជន និងកញ្ញា សេង ធារី ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចាប់ពី៥ដល់៨ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ក្រោយត្រូវបានបើកសវនាការជំនុំជម្រះអស់ជាច្រើនលើកតាំងពីខែធ្នូ ឆ្នាំ២០២១ ហើយត្រូវបាន ប្រកាសសាលក្រមនៅថ្ងៃនេះ។

សេចក្តីថ្លែងការណ៍របស់ Human Rights Watch ​នៅព្រឹកថ្ងៃទី១៤ ខែមិថុនានេះ ​លើកឡើងថា ជាការចោទប្រកាន់ដែលគ្មានភស្តុតាងនិងមូលដ្ឋានដាក់បន្ទុកលើក្រុមប្រឆាំងនោះឡើយ។

នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ការផ្តន្ទាទោសលើអ្នកនយោបាយប្រឆាំងនៅពេលនេះ គឺប្រាកដណាស់ជាការព្យាយាមរារាំងការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតតទល់ទៅនឹងការគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងវាជាសញ្ញានៃការសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា។

លោក រ៉ូប៊ើតសុន លើកឡើងបន្ថែមទៀតថា ការបង្កើតនូវបរិយាកាសនយោបាយមួយមានលក្ខណៈគំរាមកំហែងនិងការធ្វើទុក្ខបុកម្នេញចំពោះអ្នកហ៊ានរិះគន់លើរដ្ឋាភិបាល មានន័យថា លោក ហ៊ុន សែន បានបង្ហាញកាន់តែច្បាស់ចំពោះការមិនយកចិត្តទុកដាក់គោរពសិទ្ធិនៅក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ។

អ្នកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិរូបនេះបញ្ជាក់ថា៖ «សវនាការកាត់ទោសលើសមាជិកបក្សប្រឆាំង [បក្សសង្រ្គោះជាតិ] ដែលត្រូវបានតុលាការរំលាយជាយូរមកហើយ គឺជាការបង្ហាញឱ្យឃើញពីការភ័យខ្លាចរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នូវព្រលឹងប្រជាធិបតេយ្យដែលនៅសេសសល់តិចតួចនៅកម្ពុជា»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ អំពាវនាវឱ្យរដ្ឋាភិបាលបរទេស អង្គការសហប្រជាជាតិ ម្ចាស់ជំនួយ ដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យបញ្ចប់នូវការវាយប្រហារទ្រង់ទ្រាយធំលើលំហប្រជាធិបតេយ្យ និងសិទ្ធិពលរដ្ឋ ដែលកំពុងនៅសេសសល់តិចតួចនៅកម្ពុជា។

ដោយឡែក ស្ថានទូតអាមេរិកប្រចាំកម្ពុជា ចាត់ទុកសាលក្រមកាត់ទោស​កញ្ញា សេង ធារី និងក្រុមបក្សប្រឆាំងផ្សេងទៀត ជារឿងអយុត្តិធម៌។

ការប្រកាសនេះធ្វើឡើងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

ស្ថានទូតបញ្ជាក់ថា សេរីភាព​ក្នុងការបញ្ចេញមតិ ការចងក្រងគ្នាជាក្រុម និងការអត់ឱន​ចំពោះទស្សនៈផ្ទុយ គឺជាផ្នែកដ៏សំខាន់បំផុត​នៃលទ្ធិប្រជាធិបតេយ្យ ខណៈស្ថាប័ននេះស្នើឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា សេង ធារី ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីសាលក្រមដ៏​អយុត្តិធម៌នេះ។

ស្ថានទូតថា៖ «យើងមានការរំខានចិត្តជាខ្លាំងចំពោះសាលក្រមដ៏អយុត្តិធម៌នាថ្ងៃ​នេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី​ និងអ្នកដទៃទៀត។ សេរីភាព​ក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱន​ចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារៈសំខាន់បំផុត​នៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងរូបគាត់ ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀតពីការដាក់ពន្ធនាគារដ៏​អយុត្តិធម៌»៕ ប្រភព ៖ VOD

អត្ថបទដែលជាប់ទាក់ទង