បក្ស​កាន់​អំណាច​ ប្ដឹង​ទាមទារ​សំណង​១លាន​ដុល្លារ​ពី​ លោក សុន ឆ័យ ករណី​រិះគន់​ការ​បោះឆ្នោត

រាជធានីភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា
បានដាក់ពាក្យបណ្តឹងប្ដឹងអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដោយទាមទារសំណងជាទឹកប្រាក់ចំនួន ៤ពាន់លានរៀល ឬស្មើប្រមាណ ១លានដុល្លារអាមេរិក ករណី លោក សុន ឆ័យ ថ្លែងរិះគន់អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។

មេធាវីរដ្ឋាភិបាលកម្ពុជា លោក គី តិច ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាផ្ដល់សិទ្ធិប្ដឹងលោក សុន ឆ័យ នៅថ្ងៃទី១៤ ខែមិថុនានេះ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការពិនិត្យសម្រេចចោទប្រកាន់ និងផ្តន្ទាទោសលោក សុន ឆ័យ តាមបញ្ញត្តិច្បាប់ ព្រមទាំងទាមទារឱ្យលោក សុន ឆ័យ សងសំណងជំងឺចិត្តនៃការខូចខាតដល់គណបក្សប្រជាជនកម្ពុជា ចំនួន៤ពាន់លានរៀល ឬប្រមាណ១លានដុល្លារអាមេរិកថែមទៀត។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែមិថុនានេះថា តុលាការបានទទួលពាក្យបណ្តឹងរបស់លោក គី តិច រួចហើយ និងកំពុងដំណើរការទៅតាមនីតិវិធី។

នៅក្នុងបណ្តឹងដាក់ទៅកាន់តុលាការ លោក គី តិច បានលើកឡើងថា តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី៧ ខែមិថុនា លោក សុន ឆ័យ បាននិយាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាបានគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទាំងស្រុងពីថ្នាក់លើដល់ក្រោម និងថាលទ្ធផលបោះឆ្នោតមិនបានឆ្លុះបញ្ចាំងឆន្ទៈរបស់ពលរដ្ឋនោះទេ វាមានការបំភិតបំភ័យ មានការទិញនិងមានការលួចសន្លឹកឆ្នោត ជាដើម។

គណបក្សប្រជាជនកម្ពុជា ចាត់ទុកការលើកឡើងរបស់លោក សុន ឆ័យ គឺជាអំពើទុច្ចរិត បំភ្លៃខុសពីការពិត ជាការផ្តល់ព័ត៌មានក្លែងក្លាយ ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមួលបង្កាច់ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់គណបក្សប្រជាជនកម្ពុជា។

វីអូឌី មិនទាន់អាចសុំប្រតិកម្មឆ្លើយតបចំពោះករណីនេះពីលោក សុន ឆ័យ បាននៅឡើយទេ នៅថ្ងៃដដែលនេះ។ បើតាមលោក មាជ សុវណ្ណារ៉ា មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ បានសរសេរសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក សុន ឆ័យ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីហើយកាលពីថ្ងៃទី១៣ ខែមិថុនា ពោលគឺមុនមួយថ្ងៃដែលគណបក្សប្រជាជនកម្ពុជាប្តឹងរូបលោក។

នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ៧៥ភាគរយ ខណៈបក្សភ្លើងទៀន ទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ២២ភាគរយនៃសំឡេងឆ្នោតសរុប។ ទោះជាយ៉ាងណា ការបោះឆ្នោតនេះត្រូវបានគណបក្សភ្លើងទៀន និងគណបក្សនយោបាយមួយចំនួនទៀត ព្រមទាំងអង្គការសង្គមស៊ីវិលធ្វើការងារលើវិស័យបោះឆ្នោត រិះគន់ថា ប្រព្រឹត្តទៅដោយគ្មានភាពត្រឹមត្រូវនិងយុត្តិធម៌ពិតប្រាកដនោះទេ៕ ប្រភព ៖ VOD

អត្ថបទដែលជាប់ទាក់ទង