កញ្ញា សេង ធារី ត្រូវសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅពន្ធនាគារភ្លាមៗ ក្រោយតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ពីបទរួមគំនិតក្បត់
រាជធានីភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញ ប្រមាណ ៥០នាក់ បានចាប់ខ្លួន កញ្ញា សេង ធារី បញ្ជូនទៅពន្ធនាគារភ្លាមៗ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោយពីតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមដោយផ្ដន្ទាទោសដាក់ពន្ធនាគារកញ្ញា រួមនឹងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយជាច្រើនរូបទៀត ក្នុងម្នាក់ៗចន្លោះពី ៥ឆ្នាំទៅ ៨ឆ្នាំ ក្រោមបទចោទ «រួមគំនិតក្បត់»។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកាលពីឆ្នាំ២០២០ ចោទប្រកាន់កញ្ញា សេង ធារី ជាមេធាវីម្នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតច្បាប់នៅសហរដ្ឋអាមេរិក និងសកម្មជនបក្សប្រឆាំង សរុប ១២០នាក់ ពីបទ «រួមគំនិតក្បត់ និងញុះញង់» ដោយសារការបង្ហោះសារគាំទ្រផែនការមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការ បានរំលាយ កាលពីឆ្នាំ២០១៩។
ដោយសារសំណុំរឿងនេះ មានជនសង្ស័យច្រើនពេក តុលាការបានបំបែកសំណុំរឿងនេះជាពីរធំៗ ហើយ កញ្ញា សេង ធារី ស្ថិតនៅក្នុងចំណោមជនសង្ស័យចំនួន ៤២នាក់។
ជុំវិញសំណុំរឿង ដែលមានជនសង្ស័យជាង ៤០នាក់នេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានប្រកាសសាលក្រមនៅថ្ងៃអង្គារ នេះ ដោយសម្រេចផ្ដន្ទាទោសកញ្ញា សេង ធារី ឱ្យជាប់ពន្ធនាគារចំនួន ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់»។
ចំណែកសកម្មជនបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការបានរំលាយផ្សេងទៀត ក្នុងនោះមានអ្នកស្រី យក់ នាង, លោក កាក់ កុម្ភារ, លោក ហេង ច័ន្ទសុទ្ធី និងលោក ទុំ ប៊ុនថន ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៥ទៅ ៨ឆ្នាំ ខណៈសកម្មជនខ្លះត្រូវបានតុលាការព្យួរទោស។
អ្នកស្រី ព្រំ ចាន់ថា ដែលជាភរិយា លោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះដែលតុលាការបានរំលាយ មានប្រសាសន៍ថា ស្វាមីអ្នកស្រី ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធគារចំនួន ៦ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងញុះញង់»។ អ្នកស្រីបានចាត់ទុកការប្រកាសសាលក្រមរបស់តុលាការនេះថា ជារឿងអយុត្តិធម៌ ខណៈស្វាមីអ្នកស្រីពុំបានប្រព្រឹត្តដូចការចោទប្រកាន់។
ក្រោយការប្រកាសសាលក្រមនៅព្រឹកមិញនេះដែរ ក៏មានការប៉ះទង្គិចគ្នា រវាងក្រុមគ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំរលាយ អ្នកគាំទ្រ កញ្ញា សេង ធារី ជាមួយនឹងក្រុមប្រជាការពារ ខណៈពួកគេព្យាយាមស្រែកទាមទាររកយុត្តិធម៌ នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
សវនាការលើកញ្ញា សេង ធារី និងសំណុំរឿងក្បត់ជជាតិ របស់អតីតអ្នកគាំទ្រ សកម្មជន និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំ២០១៧ បានចាប់ផ្តើមកាលពីដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីអាក់ខានអស់រយៈពេលជាងមួយឆ្នាំ៕ ប្រភព ៖ VOD