រដ្ឋបាលក្រុងព្រះសីហនុ ចុះផ្អាកសកម្មភាពដឹកកាកសំណល់សំណង់ គ្មានច្បាប់អនុញ្ញាត

ខេត្តព្រះសីហនុ ៖ នាយករដ្ឋបាលសាលាក្រុងព្រះសីហនុ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារ ចុះផ្អាកសកម្មភាពដឹកកាកសំណល់ ក្នុងការដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយពិនិត្យឃើញថា ទីតាំងការដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ មិនមានច្បាប់អនុញ្ញាត។

លោក ទៀង វណ្ណារិទ្ធ បញ្ជាក់ថា ក្នុងពេលចុះពិនិត្យការដ្ឋានដឹកជញ្ជូនកាកសំណល់សំណង់ខាងលើ ពុំឃើញមានឡានដឹកដីនៅទីតាំងដីនោះទេ ប៉ុន្តែតាមការរាយការណ៍ និងរូបភាពបញ្ជូនមកក្រុមការងារឃើញមានឡានដឹកដីចេញពីទីតាំងចំនួន ០២គ្រឿង។ ចំពោះគ្រឿងចក្រ (អេស្កាម៉ាក CAT) ០១គ្រឿង បានធ្វើសកម្មភាពកាយដី និងកំទេចថ្ម
ពេលក្រុមការងារបានមកដល់។ ដោយឡែកនៅមុខទីតាំងដីឃើញមានការចាក់ដីលើផ្លូវថ្មើរជើងកម្រាលក្រានីត និងលើគម្របលូ។

ពាក់ព័ន្ធករណីនេះ ក្រុមការងារសម្រេចផ្អាកសកម្មភាពដឹកជញ្ជូនអាចម៍ដីចាប់ពីថ្ងៃធ្វើកំណត់ហេតុនេះតទៅ នឹងតម្រូវឲ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាតឲ្យបានរួចរាល់សិនទើបអាចបន្តដឹកដីទៀតបាន ប្រសិនបើម្ចាស់ទីតាំងខាងលើ មិនគោរពតាមក្រុមការងារបានណែនាំ នោះក្រុមការងារ នឹងអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង