សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលជំនួយពីសប្បុរសធម៌

ខេត្តព្រះសីហនុ ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក គួច ចំរើន នៅរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលជំនួយពីសប្បុរសធម៌ ដែលបានឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍»។

នាឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រី ដែល បានផ្ដល់ជំនួយជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជាយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជនពិការ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយមានកូនច្រើន និងអ្នកជំងឺរ៉ាំរ៉ៃ ដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និងនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោកប្រធាន ក៏សូមជូនពរជ័យដល់លោក លោកស្រីទាំងអស់ បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ នៅក្នុងឱកាសខួបទី១៥៩ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍។

ជំនួយដែលទទួលបានមានចំនួន ៣៩,០៥០,០០០រៀល និង៨០០៣០ដុល្លារអាមេរិក ព្រមទាំងទឹកសិទ្ធ ១០០កេស៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង