នគរបាល បង្ហាញខ្លួនជនសង្ស័យ២នាក់ និងគ្រឿងញៀនជាង ៥៤គីឡូក្រាម មុនបញ្ជូនទៅតុលាការ

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ហាញមុខជនសង្ស័យ ០២នាក់ជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ៥៤គីឡូក្រាមមុន នឹងបញ្ជូនខ្លួនទៅតុលាការ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤និង១៥នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី លោក ឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ (ក៥) ដោយមានការចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិវង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖
– គោលដៅទី១ នៅចំណុចភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់និងគ្រឿងញៀនហេរ៉ូអុីន ៧គីឡូក្រាមនិង២៦.២ក្រាម។
– គោលដៅទី២ នៅចំណុចផ្លូវលេខ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូក្រាមនិង៩៦៣.៧ក្រាម, កេតាមីន ១៣គីឡូក្រាម និង៨ក្រាម។
– គោលដៅទី៣: ឆែកឆេរផ្ទះជួល T ១០៧.៣. នៅចំណុចផ្លូវលេខ២ ក្នុងបុរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាងមេតំហ្វេតាមីន(ICE) ៦៨៨.៨៦ក្រាម។
– គោលដៅទី៤: ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាតមែនប៉ាវលី នៅផ្លូវលេខ១៣៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE) ៤១៧.៣៥ក្រាម. ថ្នាំគ្រាប់មេតំហ្វេតាមីន១៦៤.២១ក្រាម, ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់ ១៩៣ក្រាម សរុប

លទ្ធផល ឃាត់ខ្លួនជនសង្ស័យបាន២នាក់៖
១- ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន។
២- ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។

ចំណែកវត្ថុតាងចាប់យករួមមាន៖សារធាតុញៀន៥៤ គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម ហេរ៉ូអ៊ិន (HEROIN) ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម កេតាមីន (KETAMINE) ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម សារធាតុមិនច្បាស់ទម្ងន់១៩៣ក្រាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង