ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ លោក គួច ចំរើន និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ព្រុំ សុខា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងកិច្ចប្រជុំស្តីពីការផ្តល់ធាតុចូលលើសេចក្តីព្រាងនីតិវិធី នៃការផ្តល់ទិដ្ឋការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ។

នាឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាល មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ និងកិច្ចប្រជុំស្ដីពីការផ្ដល់ធាតុចូលលើសេចក្តីព្រាងនីតិវិធិ នៃការផ្តល់ទិដ្ឋាការលើការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្រ្តីរាជការសុីវិលនៅថ្នាក់ក្រោមជាតិ គឺជាផ្លែផ្កានៃការអនុវត្តគោលនយោបាយវិមជ្ឈការ របស់រាជរដ្ឋាភិបាលដែលបានធ្វើសមាហរណកម្មបង្ខិតសេវាកាន់តែជិតងាយស្រួលក្នុងការគ្រប់គ្រងផ្ដល់សេវាជូនប្រជាពលរដ្ឋតាមរយៈព្រះរាជក្រឹត្យលេខ នក/រកត/០៤១៦/ ៣៧៣ លក្ខន្តិក:ដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងផ្ដល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានសមត្ថភាព ផលិតភាព ប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ អនុក្រឹត្យលេខ២៤០ អនក្រ.បក ស្ដីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឱ្យថ្នាក់អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ។

លោកអភិបាលខេត្ត បានបន្តថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ មន្ទីរមុខងារសាធារណៈបានផ្តល់ទិដ្ឋាការលើការផ្លាស់ប្ដូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសារមន្ត្រីរាជការស៊ីវិល បានចំនួន ១.៣៦៧ ករណី ស្រី ៣០២ករណី នឹងចេញលិខិតជូនមន្ទីរ អង្គភាពដែលបើកថវិកាលើសឱ្យបង់ចូលថវិការដ្ឋវិញមានទឹកប្រាក់សរុប ៤៨.៩៣២.៥០០រៀល។ សកម្មភាពនេះ សបញ្ជាក់ឱ្យឃើញពីការការពារផលប្រយោជន៍មន្ត្រីរាជការ និងផលប្រយោជន៍រដ្ឋដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ។ ដូច្នេះមន្ទីរមុខងារសាធារណៈបន្តខិតខំធ្វើកិច្ចការនេះបន្ថែមទៀត ស្របតាមសារាចរណ៍ របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំដែលមានជាធរមាន។

ជាមួយគ្នានោះ លោក ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តព្រះសីហនុ បានខិតខំលះបង់យកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតីបំពេញតួនាទី ភារកិច្ចតាមជំនាញស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាពិសេសអនុវត្តន៍តួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនក្នុងបេសកកម្មដឹកនាំគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈឆ្លើយតបបានទាន់ពេលវេលាទៅនឹងតម្រូវការ នៃការអភិវឌ្ឍ និងបានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយអាជ្ញាធរខេត្តព្រះសីហនុ និងចុះមូលដ្ឋានបានយ៉ាងសស្រាក់សស្រាំ ទទួលបានលទ្ធផលល្អស្របតាមយុទ្ធសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកៀរគរទិញវ៉ាក់សាំង និងការចាក់ស្រោចវ៉ាក់សាំងជូនមន្ត្រីរាជការ ប្រជាពលរដ្ឋដោយមិនមានការរើសអើង ប្រកាន់ពូជសាសន៍ ដើម្បីបង្កើតភាពសុំាក្នុងខ្លួន និងកំពុងបន្តជម្រុញឱ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជម្រុញ (ដូសទី៥)។ ទន្ទឹមនោះយើងត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលាស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង